ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ កើនលើសពី៦៥.០០០នាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ថា ក្រសួងសុខាភិបាល បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ នៅក្នុងប្រទេសប្រេស៊ីល បានកើនឡើងលើសពី៦៥.០០០នាក់ គិតត្រឹមថ្ងៃចន្ទ បន្ទាប់ពិមានអ្នកជំងឺចំនួន៦២០នាក់ បានស្លាប់បន្ថែមទៀត នៅក្នុងរយៈពេល២៤ ម៉ោងកន្លងទៅនេះ ដែលនាំឲ្យតួលេខនៃអ្នកស្លាប់សរុបកើនដល់៦៥.៤៨៧នាក់ ។

សរុបចំនួនអ្នករកឃើញថា មានផលវិជ្ជមានវីរុសកូរ៉ូណា គិតចាប់តំាងពីផ្ទុះជំងឺ មកបានកើនឡើងដល់១.៦២៣.២៨៤នាក់ បន្ទាប់ពីអ្នកឆ្លងជំងឺប្រចាំថ្ងៃ កើនឡើង២០.២២៩នាក់ ។

ក្រសួងបានឲ្យដឹងថា អ្នកជំងឺប្រមាណ៩២៧.២៩២នាក់ បានជាសះស្បើយពីជំងឺ ។

រដ្ឋសៅប៉ូឡូ ដែលមានពលរដ្ឋច្រើនជាងគេរបស់ប្រទេសនេះ ក៏នៅតែរងគ្រោះធ្ងន់ធ្ងរជាងគេដដែល ដែលមានអ្នកឆ្លងជំងឺរហូតដល់៣២២.០៧០នាក់ និងមានអ្នកស្លាប់១៦.១៣៤នាក់ បន្ទាប់មកមានរដ្ឋ ក្រុងរីយ៉ូឌឺចាណេរ៉ូ មានអ្នកឆ្លងជំងឺចំនួន១២១.៨៧៩នាក់ និងមានអ្នកស្លាប់ចំនួន១០.៦៩៨នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top