ព័ត៌មានអន្តរជាតិ

ជប៉ុនបង្កើន កិច្ចប្រឹងប្រែង ជួយសង្គ្រោះ ទន្ទឹងនឹងការព្រមាន អំពីភ្លៀងធ្លាក់ថែមទៀតនៅតំបន់ រងគ្រោះទឹកជំនន់

បរទេស៖ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ តាមសេចក្តីរាយការណ៍ បានព្រមានអំពីភ្លៀងខ្លាំងថែមទៀត នៅលើកោះ Kyushu និងបានជំរុញបង្កើនប្រតិបត្តិការជួយសង្គ្រោះ ស្របពេលមានអ្នកស្លាប់ក្នុងតំបន់រងគ្រោះទឹកជំនន់ កើនឡើងសរុបដល់យ៉ាងតិច៥០នាក់ និងជាច្រើននាក់ត្រូវគេរាយការណ៍ថា កំពុងតែបាត់ខ្លួន។ 

រដ្ឋាភិបាលជប៉ុនបាននិយាយថា ខ្លួននឹងបង្កើនទ្វេដងនូវបុគ្គលិកតាមរកនិងជួយសង្គ្រោះ ស្របពេលដែលភ្លៀងខ្លាំងបានបំផ្លិចបំផ្លាញផ្ទះសម្បែង និងបង្កឲ្យមានគ្រោះបាក់ដី ក្នុងហេតុការណ៍ ដែលកំពុងតែបង្ហាញថាជាមហន្តរាយធម្មជាតិដ៏អាក្រក់បំផុតរបស់ប្រទេសជប៉ុន ចាប់តាំងពីមានព្យុះទីហ្វុងហៃប៊ីប៊ី បានសម្លាប់មនុស្ស៩០ក្នុងខែតុលា។ 

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshihide Suga បាននិយាយប្រាប់សន្និសីទកាសែតមួយដូច្នេះថា “របបទឹកភ្លៀង ត្រូវបានគេរំពឹងថា នឹងនៅតែមានរហូតដល់ថ្ងៃទី០៩ ខែកក្កដា ហើយទឹកភ្លៀងត្រូវបានគេរំពឹងថា នឹងមានទំហំកាន់តែធំគ្របដណ្តប់តាំងពីភាគខាងលិចដល់ភាគខាងកើតប្រទេសជប៉ុន”៕ ប្រែសម្រួល៖ប៉ាង កុង 

To Top