ព័ត៌មានអន្តរជាតិ

អ្នកជំនាញយូអិន ចាត់ទុកការវាយប្រហារ ដោយកូនដ្រូនអាមេរិក ទៅលើកំពូលមេបញ្ជាការអ៊ីរ៉ងជាការសម្លាប់ ខុសច្បាប់



បរទេស៖មន្ត្រីស៊ើបអង្កេតសិទ្ធមនុស្សអង្គការសហប្រជាជាតិ បាននិយាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ការវាយប្រហារដោយកូនដ្រូនរបស់សហរដ្ឋអាមេរិកក្នុងខែមករា ក្នុងប្រទេសអ៊ីរ៉ាក់ ដែលបានសម្លាប់កំពូលឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ លោក Qassem Soleimani និងមនុស្ស៩នាក់ផ្សេងទៀត បានបង្ហាញពីការរំលោភបំពានច្បាប់អន្តរជាតិ។
លោក Agnes Callamard ជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីការប្រហារជីវិតក្រៅប្រព័ន្ធ និងតាមអំពើចិត្ត បាននិយាយថា សហរដ្ឋអាមេរិកបរាជ័យក្នុងការផ្តល់ឲ្យនូវភស្តុតាងគ្រប់គ្រាន់ ចំពោះការវាយប្រហារដែលកំពុងតែប្រព្រឹត្តទៅឬក៏ជិតនឹងកើតមាន ទៅលើផលប្រយោជន៍របស់ខ្លួន ដើម្បីបង្ហាញពីភាពសមស្របនៃការវាយប្រហារលើក្បួនរថយន្តរបស់លោក Qassem Soleimani ដែលធ្វើដំណើរចាកចេញពីអាកាសយានដ្ឋានទីក្រុងបាដាដ។
គួរបញ្ជាក់ថា ការវាយប្រហារនោះ គឺបានរំលោភបំពានរដ្ឋធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយលោក បានសរសេរក្នុងរបាយការណ៍មួយ ស្នើឲ្យមានការទទួលខុសត្រូវ ចំពោះការសម្លាប់ដោយកូនដ្រូនប្រដាប់អាវុធ និងស្នើឲ្យមានបទបញ្ញត្តិកាន់តែល្អឡើងចំពោះអាវុធ៕ប្រែសម្រួល៖ប៉ាង កុង

To Top