ព័ត៌មានអន្តរជាតិ

អូស្រ្តាលី ព្យួរសន្ធិសញ្ញា ធ្វើបត្យាប័នជាមួយហុងកុង

BBC៖ ប្រទេសអូស្រ្តាលី បានព្យួរសន្ធិសញ្ញា ធ្វើបត្យាប័នជាមួយហុងកុង ដើម្បីឆ្លើយតប នឹងការភ័យខ្លាច ចំពោះច្បាប់សន្តិសុខជាតិថ្មី ដែលបានដាក់ដោយប្រទេសចិន។ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន បាននិយាយថា ច្បាប់ថ្មីនេះ បានធ្វើឱ្យប៉ះពាល់ដល់ “ ច្បាប់មូលដ្ឋានរបស់ហុងកុង” និងកម្រិតស្វ័យភាព នៃទឹកដីពីទីក្រុងប៉េកាំង។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ម៉ូរីសុន បាននិយាយថា ប្រទេសអូស្រ្តាលី គ្រោងនឹងពន្យារទិដ្ឋាការ សម្រាប់ប្រជាជនហុងកុង និងលើកទឹកចិត្ត ដល់ការធ្វើអាជីវកម្មនៅទីនោះ ឱ្យផ្លាស់ប្តូរទីលំនៅ។

ប្រទេសចិន បានរិះគន់ជំហរ របស់ប្រទេសអូស្រ្តាលីនេះ ថាជា“ ការជ្រៀតជ្រែកសរុប” នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

សេចក្តីថ្លែងការណ៍មួយ ដោយស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសអូស្ត្រាលី, ចិនបាននិយាយថា “ យើងជំរុញ ឱ្យភាគីអូស្ត្រាលី បញ្ឈប់ការជ្រៀតជ្រែកជាបន្ទាន់… បើមិនដូច្នេះទេ វានឹងមិនមានអ្វី ក្រៅពីលើកដុំថ្ម តែទៅទម្លាក់លើជើងខ្លួនឯងនោះទេ” ។

ចាប់តាំងពីច្បាប់នេះ ត្រូវបានអនុម័តកាលពីសប្តាហ៍មុន ប្រទេសកាណាដា ក៏បានព្យួរសន្ធិសញ្ញា ធ្វើបត្យាប័នរបស់ខ្លួនផងដែរ ខណៈដែលចក្រភពអង់គ្លេស បានផ្តល់ជម្រើសជាពលរដ្ឋ ដល់ប្រជាជនហុងកុង៕ ប្រែសម្រួលៈ ណៃ តុលា

To Top