ព័ត៌មានអន្តរជាតិ

នាវាផ្ទុកយន្តហោះអាមេរិក វិលមកសមុទ្រចិនខាងត្បូងវិញ ស្របពេលមានភាពតានតឹង កំពុងកើនកម្តៅ

បរទេស៖ សម្រាប់ជាលើកទី២ក្នុងពេលត្រឹមតែ២សប្ដាហ៍ សហរដ្ឋអាមេរិក បានបញ្ជូននាវាផ្ទុកយន្តហោះចំនួនពីរគ្រឿង មកកាន់ដែនសមុទ្រចិនខាងត្បូង ស្របពេលដែលប្រទេសចិននិងសហរដ្ឋអាមេរិក ចោទដាក់គ្នាទៅវិញទៅមក ពីបទបង្កឲ្យមានភាពតានតឹងនៅក្នុងតំបន់។ 

យោងតាមសេចក្តីថ្លែងការណ៍ទ័ពជើងទឹកអាមេរិក បានឲ្យដឹងថា នាវាផ្ទុកយន្តហោះ USS Nimitz និងនាវាផ្ទុកយន្តហោះ USS Ronald Reagan  បានធ្វើប្រតិបត្តិការនិងសមយុទ្ធយោធាំ នៅក្នុងដែនទឹកមានជម្លោះនោះ ចន្លោះពីថ្ងៃទី០៤ដល់ថ្ងៃទី០៦ ខែកក្កដានេះ ហើយនៅថ្ងៃសុក្រម្សិលមិញនេះ បានវិលត្រឡប់ទៅតំបន់នោះវិញ។ 

នាយឧត្តមនាវី Jim Kirk ជាមេបញ្ជាការនាវាផ្ទុកយន្តហោះ Nimitz បាននិយាយក្នុងសេចក្តីថ្លែងការណ៍ដូច្នេះថា “ក្រុមវាយប្រហាររបស់នាវាផ្ទុកយន្តហោះ Nimitz និងនាវាផ្ទុកយន្តហោះ Reagan  កំពុងតែធ្វើប្រតិបត្តិការនៅដែនសមុទ្រចិនខាងត្បូង ជាទីដែលច្បាប់អន្តរជាតិអនុញ្ញាត ដើម្បីពង្រឹកការប្តេជ្ញារបស់យើង ចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប្រកបដោយសេរីភាពនិងបើកចំហ ច្បាប់មួយដែលផ្អែកលើបទបញ្ជាអន្តរជាតិ និងចំពោះសម្ពន្ធមិត្តនិងដៃគូក្នុងតំបន់របស់យើង”៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top