ព័ត៌មានអន្តរជាតិ

ចិនជំរុញអង់គ្លេស ឲ្យជៀសវាងការកាន់យកផ្លូវខុស ក្នុងរឿងកិច្ចការហុងកុង

បរទេស៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានជំរុញប្រទេសអង់គ្លេស ឲ្យជៀសវាង ការដើរលើផ្លូវខុសបន្តទៀត ក្រោយមានសេចក្តីរាយការណ៍ថា អង់គ្លេសត្រៀម នឹងព្យួរចោលសន្ធិសញ្ញា ធ្វើបត្យាប័នសម្រាប់ទីក្រុងហុងកុង ដែលចិនគ្រប់គ្រង។

មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោក វ៉ាង វេនប៊ីន បានថ្លែងយ៉ាងដូច្នេះ នៅក្នុងអំឡុង សន្នសីទកាសែតប្រចាំថ្ងៃមួយ ហើយលោក៏បាននិយាយផងដែរថា ប្រទេសចិន នឹងមានប្រតិកម្មយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពនៅ អតីតអាណានិគមអង់គ្លេស របស់ហុងកុង ដែលជ្រៀតជ្រែក ក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។

គួរបញ្ជាក់ថា ប្រទេសអង់គ្លេស បានប្រគល់ទីក្រុងហុងកុង ឲ្យប្រទេសចិនគ្រប់គ្រងវិញ នៅក្នុងឆ្នាំ១៩៩៧ ក្នុងលក្ខខណ្ឌប្រើគោលនយោបាយ “ប្រទេសមួយមានប្រព័ន្ធពីរ” ហើយអនុលោមតាម គោលការណ៍ “ប្រទេសមួយមានប្រព័ន្ធពីរ” ដែលព្រមព្រៀងគ្នា រវាងអង់គ្លេសនិងចិននោះ ប្រព័ន្ធសង្គមនិយម របស់សាធារណរដ្ឋប្រជាមានិតចិន មិនត្រូវយកទៅអនុវត្ត លើទឹកដីហុងកុងទេ សម្រាប់រយៈពេល៥០ឆ្នាំ៕ ប្រែសម្រួល៖ប៉ាង កុង

To Top