ព័ត៌មានអន្តរជាតិ

លោក Pompeo ជំរុញឥណ្ឌាឲ្យកាត់បន្ថយ ការពឹងផ្អែកលើប្រទេសចិន

បរទេស៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានជំរុញប្រទេសឥណ្ឌា ឲ្យផ្តោតលើសង្វាក់ផ្គត់ផ្គង់ក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែក លើប្រទេសចិន សម្រាប់ទូរគមនាគមន៍ និងការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ ស្របពេល ដែលចំណងមិត្តភាព របស់ទីក្រុងវ៉ាស៊ីនតោន ជាមួយទីក្រុងប៉េកាំង ធ្លាក់ចុះជាខ្លាំង។

នៅក្នុងកម្មវិធីជំនួបកំពូល ស្តីពីគំនិតឥណ្ឌារបស់ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក និងឥណ្ឌា ដែលធ្វើឡើងតាមអនឡាញ លោករដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងថា ប្រទេសឥណ្ឌា មានឱកាសដកសង្វាក់ផ្គត់ផ្គង់ពីប្រទេសចិន និងកាត់បន្ថយការពឹងផ្អែករបស់ខ្លួន លើក្រុមហ៊ុនចិននានាក្នុងតំបន់ ដូចជាទូរគមនាគមន៍ គ្រឿងផ្គត់ផ្គង់ផ្នែកវេជ្ជសាស្ត្រ និងផ្សេងៗទៀត។

យោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០ លោក Mike Pompeo បានមានប្រសាសន៍បន្ថែមទៀតផងដែរថា “ប្រទេសឥណ្ឌា ស្ថិតនៅក្នុងទីតាំងនេះ ព្រោះតែវាទទួលបានទំនុកចិត្ត របស់ប្រទេសជាច្រើន នៅជុំវិញពិភពលោក ដោយរួមបញ្ចូល ទាំងសហរដ្ឋអាមេរិកផងដែរ”៕ ប្រែសម្រួល៖ប៉ាង កុង

To Top