ព័ត៌មានអន្តរជាតិ

យោធាចិនបង្ហាញសមយុទ្ធពីឡុងនៅដែនសមុទ្រចិនខាងត្បូង

បរទេស៖ យោធារបស់ប្រទេសចិន បាននិយាយនៅពេលថ្មីៗនេះថា កងកម្លាំងទ័ពជើងទឹកខ្លួន កំពុងតែបង្ហាញ ការហ្វឹកហាត់យ៉ាងខ្លាំងក្លា នៅក្នុងដែនសមុទ្រចិនខាងត្បូង នេះបើយោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០។

លោក Ren Guoqiang ជាមន្ត្រីនាំពាក្យ ឲ្យក្រសួងការពារជាតិចិន បាននិយាយនៅថ្ងៃព្រហស្បតិ៍ ក្នុងសន្និសីទប្រចាំខែថា កងកម្លាំងចិន នាពេលថ្មីៗនេះ បានដាក់ពង្រាយ យន្តហោះទម្លាក់គ្រាប់បែក ដែលរួមមានទាំងយន្តហោះ H-6G និងយន្តហោះ H-6J ទៅចូលរួមធ្វើសមយុទ្ធ។ កងកម្លាំងក្នុងសមយុទ្ធនោះ មានទំនាក់ទំនងគ្នា នឹងអង្គភាពដែនអាកាសទ័ពជើងទឹកចិន របស់ទីបញ្ជាការ Southern Theater។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍ពីយោធា របស់ប្រទេសចិននេះ គឺត្រូវបានធ្វើឡើង ក្រោយពីសហរដ្ឋអាមេរិក ព្រមានមិនឲ្យប្រទេសចិន ធ្វើសមយុទ្ធបង្កហេតុ នៅដែនសមុទ្រចិនខាងត្បូង ដែលទីក្រុងប៉េកាំង បានអះអាងកម្មសិទ្ធិលើដែនទឹក ដ៏សម្បូរដោយរ៉ែថាមពលនេះ៕ ប្រែសម្រួល៖ប៉ាង កុង

To Top