ព័ត៌មានអន្តរជាតិ

ពលរដ្ឋនៅតំបន់ អាស៊ីខាងត្បូង ប្រមាណ ១៧,៥លាននាក់រងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់

ដាកា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ថា សហព័ន្ធអន្តរជាតិនៃកាកបាតក្រហម និងអឌ្ឍច័ន្ទក្រហមសង្គម កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា រដូវស្សានេះ គ្រោះទឹកជំនន់ បានបង្កផលប៉ះពាល់ដល់ផ្ទះសម្បែងរបស់ពលរដ្ឋរាប់លាននាក់ និងរំខានដល់ការរស់នៅ នៅផ្នែកជាច្រើននៃតំបន់អាស៊ីខាងត្បូង ក្នុងនោះរាប់ បញ្ចូលទាំង ប្រទេសបង់ក្លាដេស ឥណ្ឌា និងនេប៉ាល់ ដែលបានរងហានិភ័យដោយមានអ្នកស្លាប់ច្រើនដោយជំងឺ នៅគ្រាដែលប្រភពពីសុខាភិបាល បានបង្ហាញអំពីការរងទុក្ខដោយជំងឺកូវីដ១៩ផងដែរ ។

ដកស្រង់តួលេខចេញពីរដ្ឋាភិបាល សហព័ន្ធខាង លើបានឲ្យដឹងថា ពលរដ្ឋស្ទើរតែ១៧,៥លាននាក់ បានរងនូវផលប៉ះពាល់ និងលើសពី៦៣០នាក់ បានស្លាប់ ដោយសារគ្រោះទឹកជំនន់ នៅក្នុងប្រទេសឥណ្ឌា បង់ក្លាដេស និងនេប៉ាល់ ។

នៅក្នុងសេចក្តីប្រកាសមួយដោយសហព័ន្ធខាងលើបានបញ្ជាក់ថា ស្រុកពាក់កណ្តាលនៃប្រទេសបង់ក្លាដេស ហ៊ុព័ទ្ធទៅដោយទឹក បង្កផលប៉ះពាល់ដល់ពលរដ្ឋជិត ១លាននាក់ និងកាត់ផ្តាច់ផ្លូវទំនាក់ទំនង នៅភូមិរបស់ពួកគេ ។

សហព័ន្ធដដែលបានបញ្ជាក់ថា គ្រោះទឹកជំនន់ និងគ្រោះបាក់ដីនៅនេប៉ាល់ បានសម្លាប់ ឬបាត់ខ្លួនពលរដ្ឋស្ទើរជិត ២០០នាក់ ។

នៅក្នុងសេចក្តីប្រកាសបានឲ្យដឹងថា នៅក្នុងប្រទេសឥណ្ឌា មានពលរដ្ឋស្ទើរជិត១២លាននាក់ដែលបានរងនូវផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ពិសេសនៅរដ្ឋភាគខាងជើង រួមមាន រដ្ឋ Assam និង Bihar ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×