ព័ត៌មានអន្តរជាតិ

ចាប់ខ្លួនបុគ្គលិក១៦នាក់ ក្រោយករណីផ្ទុះដ៏កក្រើកនៅឃ្លំាងស្តុក សារធាតុគីមីនៅក្រុងបេរ៉ាត់ ប្រទេសលីបង់

បេរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ថា លោក Fadi Akiki ប្រធាន គណៈកម្មាធិការចៅក្រមកុលសម្ព័ន្ធយោធា បានប្រកាសកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា សរុបទៅមានបុគ្គលិកចំនួន ១៦នាក់ នៅក្រុងកំពង់ផែ បេរ៉ាត់ ត្រូវបានឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីផ្ទុះដ៏កក្រើកនៅក្រុងកំពង់ផែ ដែលបានសម្លាប់មនុស្សអស់ជាច្រើននាក់ កាលពីថ្ងៃអង្គារ ។

លោក Akiki បានថ្លែងថា ពលរដ្ឋលើសពី ១៨នាក់ត្រូវបានសាកសួរកាលពីមុន ក្នុងនោះរាប់ទាំងក្រុមមន្ត្រីគយប្រចាំការនៅកំពង់ផែ រួមទំាងពលរដ្ឋដែលរងការចោទប្រកាន់ទៅលើទីតំាងដែលមានផ្ទុះសារធាតុគីមី ដែលបានស្តុកទុកអស់រយៈពេលជាច្រើនឆ្នាំ ។ ទីភ្នាក់ងារព័ត៌មានជាតិ បានរាយការណ៍ឲ្យដឹង ។

ទន្ទឹមនឹងនេះដែរ លោក Ghassan Oueidat ចៅក្រមស៊ើបសួរដំបូងនៅក្រុងបេរ៉ាត់ បានប្រកាសសេចក្តី សម្រេចមួយហាមឃាត់មន្ត្រីកំពង់ផែចំនួន ៧នាក់មិនឲ្យធ្វើដំណើរ ។

គួររំលឹកថា ករណីផ្ទុះដ៏កក្រើក ២ដងនៅលើទឹកដីក្រុងកំពង់ផែបេរ៉ាត់ កាលពីល្ងាចថ្ងៃអង្គារនោះ បានសម្លាប់មនុស្សអស់តិចបំផុត ១៣៧នាក់ និងបង្ករបួសជិត ៥.០០០នាក់ ទន្ទឹមនឹងនេះដែរ បង្កការខូចខាតយ៉ាង ធ្ងន់ធ្ងរនៅទីក្រុងនេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top
×