ព័ត៌មានអន្តរជាតិ

ចិនដាក់ទណ្ឌកម្ម លើសមាជិតសភាអាមេរិក ជុំវិញបញ្ហាហុងកុង

បរទេស៖ ប្រទេសចិន នៅថ្ងៃចន្ទនេះ បានដាក់ទណ្ឌកម្មលើពលរដ្ឋអាមេរិក ចំនួន១១នាក់ ដែលរួមមានទាំងសមាជិកសភាផង ក្នុងដំណើរឆ្លើយតប ចំពោះការដាក់ទណ្ឌកម្មអាមេរិក លើមន្ត្រីហុងកុងនិងចិនចំនួន១១រូប ដោយចោទប្រកាន់ ពីបទបិទសិទ្ធិសេរីភាពនយោបាយ នៅហុងកុង។

យោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងចំណោម បុគ្គលរងទណ្ឌកម្មទាំងនោះ គឺសមាជិកព្រឹទ្ធសភា លោក Ted Cruz លោក Marco Rubio លោក Tom Cotton លោក Josh Hawley លោក Pat Toomey និងសមាជិករដ្ឋសភា លោក Chris Smith ក៏ដូចជាបុគ្គលមួយចំនួន នៅក្រុមសិទ្ធិមនុស្សផងដែរ។

មន្ត្រីនាំពាក្យ ក្រសួងការបរទេសចិន លោក Zhao Lijian បាននិយាយប្រាប់សន្និសីទកាសែត នៅថ្ងៃចន្ទនេះថា “ជាការឆ្លើយតបចំពោះឥរិយាបថ មិនត្រឹមត្រូវរបស់អាមេរិកនោះ ប្រទេសចិន បានសម្រេចចិត្តដាក់ទណ្ឌកម្ម លើបុគ្គលនានា ដែលចេញអាកប្បកិរិយាដ៏អាក្រក់ ស្តីពីបញ្ហាពាក់ព័ន្ធ នឹងទីក្រុងហុងកុង”៕ ប្រែសម្រួល៖ប៉ាង កុង

To Top