ព័ត៌មានអន្តរជាតិ

មេបញ្ជាការយោធាណាតូ ហៅតួកគីថា ជាសម្ពន្ធមិត្តដ៏មានតម្លៃ

បរទេស៖ បើទោះជាមានក្តីព្រួយបារម្ភ ជុំវិញភាពគឃ្លើនរបស់ ប្រទេសតួកគីក៏ដោយ ក៏ការចូលរួមចំណែករបស់ ប្រទេសតួកគីចំពោះអង្គការណាតូ ត្រូវបានលើកយកមកសរសើរ នៅក្នុងអំឡុងដំណើរទស្សនកិច្ចមួយ ធ្វើឡើងដោយមេបញ្ជាការ គណៈកម្មាធិការយោធា របស់អង្គការណាតូ នាសប្ដាហ៍នេះ។

មុនពេលធ្វើដំណើរចេញពី ទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃអង្គារ លោក Marshal Sir Stuart Peach បានមានប្រសាសន៍យ៉ាងដូច្នេះថា “ប្រទេសតួកគីធ្វើការរួមចំណែកយ៉ាងសំខាន់ ចំពោះប្រតិបត្តិការនិងសកម្មភាពនានា របស់អង្គការណាតូ។ អង្គការណាតូកំពុងតែធ្វើការងារ ដើម្បីពង្រឹងកិច្ចទប់ទល់ និងការពាររួមគ្នាបន្ថែមទៀត និងដើម្បីការពារស្ថិរភាព នៅតាមព្រំដែនរបស់យើង ហើយតួកគីគឺកំពុងតែដើរតួនាទី ដ៏សំខាន់មួយក្នុងរឿងទាំងពីរនោះ”។

គួរបញ្ជាក់ថា ក្នុងខណៈនៅក្នុងប្រទេសតួកគី លោក Marshal Sir Stuart Peach បានជួបគ្នាជាមួយ មន្ត្រីយោធាតួកគីនានា រដ្ឋមន្ត្រីការបរទេស លោក Melvut Cavuslogu និងរដ្ឋមន្ត្រីការពារជាតិ លោក Hulusi Akar នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់អង្គការណាតូ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×