ព័ត៌មានអន្តរជាតិ

ថៃ៖ សាកលវិទ្យាល័យ Thammasat មិនអនុញ្ញាតឱ្យនិស្សិត ប្រើប្រាស់បរិវេណ សាលារបស់ខ្លួន ប្រឆាំងរដ្ឋាភិបាល តែមេដឹកនាំបាតុកម្ម នៅតែរក្សាជំហរដដែល

បរទេស៖ អ្នកគ្រប់គ្រងសាកលវិទ្យាល័យ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញកាល ពីថ្ងៃព្រហស្បតិ៍ថា សាកលវិទ្យាល័យ Thammasat នឹងមិនអនុញ្ញាត ឱ្យនិស្សិតប្រើប្រាស់បរិវេណ សាលារបស់ខ្លួនសម្រាប់ការប្រមូលផ្តុំ ប្រឆាំងនឹងរដ្ឋាភិបាល នៅសប្តាហ៍ក្រោយនោះទេ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមសេចក្តីប្រកាសបាននិយាយថា ការគ្រប់គ្រងនឹងមិនអនុញ្ញាត ឱ្យមានការប្រមូលផ្ដុំគ្នានៅឯ Tha Prachan នៅថ្ងៃទី ១៩ ខែកញ្ញានោះទេ ព្រោះវាផ្ទុយនឹងគោលការណ៍ណែនាំ របស់សាកលវិទ្យាល័យ។

សេចក្តីថ្លែងការណ៍បាននិយាយថា ការជួបជុំខាងនយោបាយ នៅតាមបរិវេណសាលា ត្រូវតែលើកកម្ពស់សិទ្ធិសេរីភាពនិងទំនួលខុសត្រូវទទួលយកគំនិតផ្សេងគ្នា និងគិតពីសុវត្ថិភាពរបស់និស្សិត ។

ការបដិសេធត្រូវបានប្រកាស មួយថ្ងៃបន្ទាប់ពី ក្រុម“ រណសិរ្សរួបរួម Thammasat និង Demonstration” បានប្រកាសសេចក្តីលម្អិតនៃការប្រមូលផ្តុំគ្នាប្រឆាំងនឹងរដ្ឋាភិបាលនៅថ្ងៃពុធ។

ក្រុមសកម្មជនបាននិយាយថា ពួកគេនឹងបោះជំរំនៅបរិវេណ Tha Thachan នៅថ្ងៃទី ១៩ ខែកញ្ញា ហើយបន្ទាប់មកដើរក្បួនទៅកាន់វិមានរដ្ឋាភិបាលនៅថ្ងៃបន្ទាប់ ដើម្បីជំរុញលទ្ធិប្រជាធិបតេយ្យ។ ទីលាន Sanam Luang ត្រូវបានគេនិយាយថា ជាជំរើសមួយប្រសិនបើបរិវេណនេះមានមនុស្សកកកុញ។

មេដឹកនាំនិស្សិត Parit Chiwarak ដែលគេស្គាល់ថាជា Penguin បានបង្ហោះសារតាមហ្វេសប៊ុកបន្ទាប់ពីសាកលវិទ្យាល័យបានចេញសេចក្តីថ្លែងការណ៍។ លោកថាផែនការសម្រាប់ការប្រមូលផ្តុំនៅតែមិនផ្លាស់ប្តូរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top