ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក បង្ហាញថា រាប់មិនទាន់អស់ ដោយសារធ្វើតេស្តមិនបានគ្រប់ជ្រុងជ្រោយ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីល្ងាចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ថា ការសិក្សាថ្មីមួយបានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅសហរដ្ឋអាមេរិក ត្រូវបានគេដឹងថា រាប់មិនទាន់អស់នៅឡើយទេ ដោយសារតែការធ្វើតេស្ត មិនបានគ្រប់ជ្រុងជ្រោយ ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ ។

ក្រុមអ្នកស្រាវជ្រាវ មកពីសាលាសុខភាពសាធារណៈ នៃសកលវិទ្យាល័យ University of California Berkeley បានសរសេរជារបាយការណ៍មួយឲ្យដឹងថា ករណីសរុបនៅ សហរដ្ឋអាមេរិក មិនទាន់ “បានរាប់គ្រប់ចំនួនសម្រាប់ ការឆ្លងជំងឺនោះទេ ពីព្រោះថា ការធ្វើតេស្តបឋម ត្រូវបានគេរឹតត្បិត …ដោយសារតែកំណត់លើការធ្វើតេស្ត ដែលអាចរកបាន” ។

ការស្រាវជ្រាវ ត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី ទំនាក់ទំនងនឹងធម្មជាតិ ដែលផ្តោតសំខាន់លើការសិក្សា ទៅលើផ្នែកវិទ្យាសាស្ត្រធម្មជាតិចម្រុះ ។

យោងតាមរបាយការណ៍បានឲ្យដឹងថា សហរដ្ឋអាមេរិក អាចមានអ្នកឆ្លងជំងឺ ដល់ទៅជាង៦,៤លាននាក់ គិតត្រឹមថ្ងៃទី១៨ ខែមេសា ទន្ទឹមនឹងដែរ មានការបញ្ជាក់ត្រឹមតែ៧២១.២៤៥នាក់ប៉ុណ្ណោះ ដែលបានរាប់នៅពេលនោះ ។

យោងតាមស្ថិតិ ចុងក្រោយចេញដោយមជ្ឈមណ្ឌលប្រព័ន្ធវិទ្យាសាស្ត្រ និងវិស្វកម្ម នៅឯសាកលវិទ្យាល័យ Johns Hopkins University គិតត្រឹមថ្ងៃសុក្រ មានអ្នកឆ្លងជំងឺកូវីដ១៩ លើសពី៦,៣លាននាក់ ដែលបានចុះក្នុងបញ្ជីនៅសហរដ្ឋអាមេរិក ជាមួយគ្នានេះដែរ មានអ្នកស្លាប់ចំនួន១៩១.៧៨៩នាក់ ។

របាយការណ៍ផ្សេងទៀតបានប្រកាសឲ្យដឹងកាលពីថ្ងៃពុធ ដោយបានអះអាងថា សហរដ្ឋអាមេរិក ចាំបាច់ណាស់នឹងត្រូវបង្ហាញសម្រាប់ការធ្វើតេស្តចំនួន២០០លាននាក់ ដែលរកមើលវត្តមានវីរុសបង្កជំងឺកូវីដ១៩ជារៀងរាល់ខែ រហូតដល់ឆ្នាំក្រោយ ដែលជាការត្រួតពិនិត្យទៅលើការឆ្លងរាលដាលជំងឺ ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកបានរាយការណ៍ដូច្នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top