ព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មនៅតាមព្រំដែន របស់ប្រទេសថៃឡង់ដ៏ ស្រុតចុះប្រមាណ៨,៥ភាគរយ ដោយសារបិទព្រំដែន

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ថា ក្រសួងពាណិជ្ជកម្មរបស់ប្រទេសថៃឡង់ដ៏ កាលពីថ្ងៃសុក្រ បានរាយការណ៍ថា ពាណិជ្ជកម្មនៅតាមច្រកព្រំដែន របស់ប្រទេស បានធ្លាក់ចុះ៨,៥ភាគរយ គិតចាប់ពីដើមឆ្នាំ៧ខែកន្លងទៅនេះ ភាគច្រើនដោយសារតែការបិទព្រំដែនស្របពេលមានជំងឺកូវីដ១៩ ។

នាយកដ្ឋានពាណិជ្ជកម្មបរទស ចំណុះឲ្យក្រសួងខាងលើបានឲ្យដឹងថា សរុបរួមពាណិជ្ជកម្មនៅតាមព្រំដែន ក្នុងនោះរាប់បញ្ចូលទាំង ពាណិជ្ជកម្មឆ្លងកាត់ សរុបជាទឹកប្រាក់មានចំនួន៧៤១ពាន់លានបាត ស្មើនឹង២៣,៦៨ពាន់លានដុល្លារអាមេរិក គិតចាប់ពីខែមករា ដល់ខែកក្កដា ។

នាយកដ្ឋានបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ក្នុងចំណោមតួលេខសរុបទាំងនោះ ការនាំចេញ គឺមានទឹកប្រាក់ចំនួន៤២៩ពាន់លានបាត ស្មើនឹង១៣,៧ពាន់លានដុល្លារអាមេរិក ថយចុះ៨,២ភាគរយ ធៀបនឹងឆ្នាំមុន ទន្ទឹមនឹងនេះដែរ ការនាំចូលបានធ្លាក់ចុះ៩ភាគរយ ស្មើនឹងទឹកប្រាក់៣១២ពាន់លានបាត ស្មើនឹង៩,៩៧ពាន់លានដុល្លារអាមេរិក ហើយជាលទ្ធផលនៅក្នុងវិស័យពាណិជ្ជកម្មបូកបន្ថែមគឺមានទឹកប្រាក់១១៦ពាន់លានបាត ស្មើនឹង៣,៧ពាន់លានដុល្លារអាមេរិក ។

ពាណិជ្ជកម្មនៅតាមព្រំដែនជាមួយប្រទេសជិតខាង ត្រូវបានគេគិតឃើញថា មានទឹកប្រាក់ចំនួន៤៣៤ពាន់លានបាត ស្មើនឹង១៣,៨៧ពាន់លានដុល្លារសហរដ្ឋអាមេរិក ធ្លាក់ចុះ១២,៨ភាគរយ ធៀបនឹងឆ្នាំមុន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top