ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកមាន ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ សកម្មជនហុងកុង ដែលត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិន

វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បានលើកឡើងថាសហរដ្ឋអាមេរិក មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មជនប្រជាធិបតេយ្យហុងកុង ចំនួន ១២ នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងខេត្តក្វាងទុងប្រទេសចិន ដោយថាពួកគេត្រូវបានគេបដិសេធមិនទទួលបានមេធាវី និងអាជ្ញាធរមូលដ្ឋានមិនបានផ្តល់ព័ត៌មាន ស្តីពីសុខុមាលភាពរបស់ពួកគេ ឬការចោទប្រកាន់ប្រឆាំងនឹងពួកគេឡើយ។

 លោក Pompeo បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិកចោទសួរអំពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំហុងកុង ក្នុងការការពារសិទ្ធិពលរដ្ឋ។  យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ក្រុមសកម្មជនទាំងនោះត្រូវបានចាប់ខ្លួនប្រហែល ២ សប្តាហ៍មុន នៅឯឆ្នេរសមុទ្រហុងកុង។

នៅចុងខែសីហា ការិយាល័យឆ្មាំឆ្នេរសមុទ្រខេត្តបានឲ្យដឹងនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គមរបស់ខ្លួនថា ខ្លួនបានចាប់ខ្លួនមនុស្សយ៉ាងតិច ១០ នាក់បន្ទាប់ពីបានស្ទាក់ចាប់ទូកមួយគ្រឿង ដែលបានរំលោភច្បាប់ក្នុងខេត្តក្វាងទុងភាគខាងត្បូង។  

ប្រព័ន្ធផ្សព្វផ្សាយហុងកុង ដោយដកស្រង់ប្រភពមិនស្គាល់អត្តសញ្ញាណបានឲ្យដឹងថា ពួកគេទាំង ១២ នាក់ បានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ដើម្បីដាក់ពាក្យសុំសិទ្ធិជ្រកកោននយោបាយ។

 នាយកប្រតិបត្តិហុងកុងលោកស្រី Carrie Lam បានឲ្យដឹងកាលពីដើមសប្តាហ៍នេះថា ប្រសិនបើពួកគេត្រូវបានចាប់ខ្លួនពីបទរំលោភលើដីគោកនោះពួកគេត្រូវតែត្រូវបានដោះស្រាយស្របតាមច្បាប់ដីគោក៕ដោយ ឈូក បូរ៉ា

To Top