ព័ត៌មានអន្តរជាតិ

បារ៉ែននិងអ៊ីស្រាអែល ធ្វើចំណងមិត្តភាព ឲ្យមានភាពប្រក្រតី ក្នុងកិច្ចព្រមព្រៀង សម្របសម្រួល ដោយអាមេរិក

បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រទេសបារ៉ែននិងប្រទេសអ៊ីស្រាអែល ទើបបានបង្កើតចំណងការទូតពេញលេញ ក្រោយពីសហរដ្ឋអាមេរិករៀបចំកិច្ចពិភាក្សាគ្នាតាមទូរស័ព្ទមួយ សម្រាប់មេដឹកនាំរបស់ប្រទេសទាំងពីរ។ 

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានធ្វើការប្រកាសកិច្ចព្រមព្រៀងគ្នាជាប្រវត្តិសាស្ត្រនោះ លើបណ្ដាញសង្គមធ្វីតធ័រ នៅមុនពេលលោកផ្តល់ការថ្លែងសុន្ទរកថា នៅការិយាល័យ Oval Office របស់សេតវិមាន។ 

លោក ត្រាំ បានមានប្រសាសន៍យ៉ាងដូច្នេះថា “ខ្ញុំគិតថា លទ្ធផលដែលយើងទទួលបាន គឺហួសពីការរំពឹងទុករបស់អ្នកណាម្នាក់ ហើយខ្ញុំជឿថា នឹងមានច្រើនបន្ថែមទៀតមកដល់”។ 

គួរបញ្ជាក់ថា សេចក្តីប្រកាសនេះ គឺត្រូវបានធ្វើឡើង ក្រោយរយៈពេលមួយខែ បន្ទាប់ពីលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងថា ប្រទេសអ៊ីស្រាអែលនិងសហភាពអារ៉ាប់រួម បានព្រមព្រៀងគ្នាធ្វើចំណងមិត្តភាពឲ្យមានភាពប្រក្រតីទាំងស្រុងហើយ៕ ប្រែសម្រួល៖ប៉ាង កុង 

To Top