ព័ត៌មានអន្តរជាតិ

គណៈប្រតិភូអាហ្វហ្គានីស្ថាន និងពួកតាលីបង់ ធ្វើកិច្ចពិភាក្សាគ្នា ផ្ទាល់ជាលើកដំបូង

បរទេស៖គណៈប្រតិភូផ្លូវការរបស់ ប្រទេសអាហ្វហ្គានីស្ថាន និងចលនាពួកតាលីបង់ នឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាដោយផ្ទាល់ ជាលើកដំបូងរបស់ពួកគេ ក្នុងទីក្រុងដូហា ប្រទេសកាតា នៅថ្ងៃអង្គារនេះ នេះបើតាមការចេញផ្សាយរបស់ទូរទស្សន៍របស់ប្រទេសកាតា Al-Jazeera TV កាលពីថ្ងៃចន្ទ។

កិច្ចពិភាក្សាគ្នា រវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាននិងពួកតាលីបង់ បានចាប់ផ្តើមនៅក្នុងរដ្ឋធានីដូហា របស់ប្រទេសកាតា កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅ ហើយកិច្ចពិភាក្សាគ្នាទាំងនោះ គឺមានគោលដៅបញ្ចប់សង្គ្រាមអូសបន្លាយរយៈពេល១៩ឆ្នាំ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

គួរបញ្ជាក់ថា កិច្ចពិភាក្សាសន្តិភាពរវាងពួកតាលីបង់និងគណៈប្រតិភូដែលតំណាងឲ្យសាធារណរដ្ឋឥស្លាមអាហ្វហ្គានីស្ថានចាប់ផ្តើមកាលពីថ្ងៃសៅរ៍ នៅក្នុងប្រទេសកាតានោះ គឺមានការចូលរួមដោយមន្ត្រីមកពីប្រទេសនិងអង្គការអន្តរជាតិនានាជាច្រើន ហើយខ្លះបានធ្វើការថ្លែងក្នុងកិច្ចបើកកម្មវិធីទៀតផង៕ប្រែសម្រួល៖ប៉ាង កុង

To Top