ព័ត៌មានអន្តរជាតិ

ចិន សម្តែងការស្វាគមន៍ ទស្សនកិច្ចមន្រ្តីការទូត ជាន់ខ្ពស់អាមេរិក ជាមួយនឹងយន្តហោះចម្បាំង ២គ្រឿង ទៅកៀកនឹងកោះតៃវ៉ាន់

បរទេស៖ យន្ដហោះចម្បាំង ២គ្រឿង របស់កងទ័ពរំដោះប្រជាជន បានហោះទៅជិត កោះតៃវ៉ាន់ នៅក្នុងការលុកលុយមួយទៀត ដែលបង្ហាញពីការកើនឡើងនូវអរិភាពរបស់ចិនចំពោះកោះដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ មុនពេលដំណើរទស្សនកិច្ចរបស់អ្នកការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយរដ្ឋាភិបាលតៃប៉ិ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រសួងការពារជាតិកោះតៃវ៉ាន់បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា យន្តហោះប្រឆាំងនាវាមុជទឹក PLA Y-8 បានចូលទៅផ្នែកខាងនិរតីនៃតំបន់ការពារ ដែនអាកាសរបស់កោះ (AIDZ) នៅយប់ថ្ងៃពុធ ហើយត្រូវបានព្រមាន ដោយកងទ័ពអាកាស របស់កោះតៃវ៉ាន់។

យន្តហោះចម្បាំងរបស់ កងទ័ពចិន PLA មួយគ្រឿង បានហោះចូលភាគនិរតីនៃ AIDZ របស់កោះតៃវ៉ាន់ ចាប់តាំងពីថ្ងៃពុធសប្តាហ៍មុន នៅក្នុងអ្វីដែលប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានពិពណ៌នាថា ជាការបង្កហេតុដ៏ធ្ងន់ធ្ងរ ដែលនឹងបង្កើនភាព តានតឹងឆ្លងកាត់ និងប៉ះពាល់ដល់សន្តិភាព និងស្ថេរភាពក្នុងតំបន់។

ក្រុមអ្នកសង្កេតការណ៍ បាននិយាយថា ការកំណត់ពេលវេលានៃការលុកលុយ ចុងក្រោយរបស់ចិន មុនពេលដំណើរទស្សនកិច្ច ដែលបានគ្រោងទុកដោយ អនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Keith Krach គឺមានគោលបំណង ដើម្បីធ្វើជាការព្រមាន ដល់សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់។ លោក Krach ដែលគេរំពឹងថា នឹងទៅដល់ទីក្រុងតៃប៉ិ នៅរសៀលថ្ងៃព្រហស្បតិ៍នេះ នឹងក្លាយជាមន្រ្តីជាន់ខ្ពស់ ក្រសួងការបរទេស សំខាន់ជាងគេ ដែលនឹងធ្វើទស្សនកិច្ច នៅកោះតៃវ៉ាន់៕
ប្រែសម្រួលៈ ណៃ តុលា

To Top
×