ព័ត៌មានអន្តរជាតិ

ប្រភពព័ត៌មាន៖ កងកម្លាំងដែនអាកាសកោះតៃវ៉ាន់ កំពុងបណ្តុះបណ្តាល អ្នកបើកយន្តហោះខ្លួន ជៀសវាងបង្កើតភាពតានតឹង ជាមួយយន្តហោះចម្បាំងចិន

បរទេស៖ ក្រសួងការពារជាតិ របស់កោះតៃវ៉ាន់ កំពុងបណ្តុះបណ្តាល អ្នកបើកយន្តហោះចម្បាំងរបស់ខ្លួន ឱ្យចូលរួមនិងឆ្លើយតប ចំពោះការបាញ់ប្រហារ ដែលអាចកើតមានពីយន្តហោះ ចម្បាំងរបស់ចិន នៅពេលភាពតានតឹងកើនឡើង រវាងប្រទេសទាំងពីរ ។ នេះបើតាមប្រភពពីថ្នាក់រដ្ឋមន្រ្តី ប្រាប់សារព័ត៌មាន Taiwan News។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសចិនបានជំទាស់ដាច់ខាត ចំពោះដំណើរទស្សនកិច្ច របស់អនុរដ្ឋមន្រ្តីក្រសួងកិច្ចការ សេដ្ឋកិច្ច លោក Keith Krach ទៅកាន់កោះតៃវ៉ាន់ ដែលជាប្រទេសកោះដែលមានអធិបតេយ្យភាព មានជម្លោះរវាងរដ្ឋាភិបាល ទីក្រុងប៉េកាំងនិងតៃប៉ិ ។ យោងតាមសារព័ត៌មានតៃវ៉ាន់ យន្តហោះយោធាចិន បានចូលតំបន់ការពារដែនអាកាស របស់កោះតៃវ៉ាន់ជាច្រើនដង កាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍ ដោយអះអាងថា ជាការប្រឆាំងនឹងដំណើរទស្សនកិច្ចនេះ។

យោងតាមប្រភពព័ត៌មាន បានបញ្ជាក់ថា បញ្ជាការដ្ឋានប្រយុទ្ធកងទ័ពអាកាស របស់កោះតៃវ៉ាន់ បានបើកវគ្គបណ្តុះបណ្តាល បន្ថែមទៀត ដើម្បីណែនាំដល់អ្នកបើកបរយន្តហោះ ក្នុងវិធាននៃការចូលរួមយ៉ាងជិតស្និទ្ធជាមួយយន្តហោះចម្បាំងរបស់ចិន ដើម្បីចៀសវាងការកើនឡើង ចូលទៅក្នុងជម្លោះប្រដាប់អាវុធ។

សារព័ត៌មានតៃវ៉ាន់ បានរាយការណ៍ទៀតថា កងទ័ពអាកាសកំពុងប្រកាន់ជំហរ ការពារទាំងស្រុងហើយបាននិយាយថា ខ្លួននឹងមិនបាញ់កាំភ្លើង មុននោះទេប៉ុន្តែនឹងមិនបដិសេធ ពីការប្រើសិទ្ធិវាយបកដើម្បីការពារខ្លួននោះដែរ ។ ប្រភពដដែលបានបន្ថែមទៀតថា ស្ថានការណ៍តម្រូវឱ្យមានការគោរព តាមបទដ្ឋានអន្តរជាតិប៉ុន្តែ “ ប្រសិនបើយោធារបស់យើង ត្រូវបានវាយប្រហារយើង ប្រាកដជានឹងបាញ់តបវិញ” ៕ប្រែសម្រួលៈ ណៃ តុលា

To Top