ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ក្លាយជាសមរភូមិការទូត រវាងអាមេរិក និងចិន

បរទេស៖ ប្រទេសកូរ៉េខាងត្បូង ហាក់ដូចជាត្រូវបានអូសចូល ក្នុងជម្លោះការទូត រវាងសហរដ្ឋអាមេរិក និង ប្រទេសចិន ខណៈដែលអ្នកការទូតកំពូល នៃប្រទេសទាំងពីរ ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅទីនេះនៅខែក្រោយ ហើយពួកគេទាំងពីរទំនង ជានឹងដាក់សម្ពាធរដ្ឋាភិបាល ទីក្រុងសេអ៊ូលឱ្យឈរជាមួយ “ខាងស្តាំ” នៅក្នុង អនុវត្តនយោបាយការបរទេសរបស់ខ្លួន។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹង ដោយយោងតាមប្រភពការទូតថា នៅថ្ងៃច័ន្ទប្រទេសកូរ៉េ និងចិន បានពិភាក្សាអំពីដំណើរទស្សនកិច្ច របស់រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី មកកាន់ប្រទេសកូរ៉េ សម្រាប់ខែក្រោយ ទោះបីជាទីកន្លែង និងពេលវេលា មិនទាន់ត្រូវបានគេសម្រេចចិត្តក៏ដោយ។

តាមដឹង គឺ លោកវ៉ាង យី នឹងទៅធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េ ចំនួនពីរដងក្នុងរយៈពេលតិចជាងមួយឆ្នាំ ដោយដំណើរទស្សនកិច្ចចុងក្រោយ របស់លោកគឺនៅខែធ្នូឆ្នាំ ២០១៩ ។ លោក Yang Jiechi ប្រធានការិយាល័យកិច្ចការ បរទេសរបស់បក្សកុម្មុយនីស្ត ក៏បានធ្វើដំណើរទៅទីក្រុងប៊ូសាន កាលពីខែមុន និងបានជួបជាមួយ ទីប្រឹក្សាសន្តិសុខជាតិលោក Suh Hoon។

ក្នុងដំណើរបំពេញទស្សនកិច្ចលោកវ៉ាង ត្រូវបានគេរំពឹងថា នឹងពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួង ការបរទេសលោក Kang Kyung-wha អំពីបញ្ហាដែលមិនទាន់សម្រេចទ្វេភាគី រួមទាំងដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិន ស៊ីជីនពីង ក៏ដូចជាស្ថានភាពសន្តិសុខ នៅឧបទ្វីបកូរ៉េ ប៉ុន្តែកិច្ចប្រឹងប្រែង របស់ក្រុងប៉េកាំងទំនងជាផ្តោតលើ បញ្ចុះបញ្ចូលទីក្រុងសេអ៊ូល មិនឱ្យចូលរួមក្នុងចលនា ដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីរក្សាប្រទេសចិនឱ្យស្ថិតក្នុងស្ថានភាព“ សង្គ្រាមត្រជាក់ថ្មី” របស់ពួកគេ។

ដំណើរទស្សនកិច្ច របស់លោកក៏មានសារៈសំខាន់បន្ថែមទៀតផងដែរ ខណៈដែលរដ្ឋមន្រ្តីក្រសួងការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo ក៏ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់ប្រទេស កូរ៉េនៅដើមខែក្រោយនេះដែរ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top