ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី នៃប្រទេសអ៊ីរ៉ាក់ ត្រៀមបំពេញទស្សនកិច្ច នៅអង់គ្លេស

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ បានឲ្យដឹងថា នាយករដ្ឋមន្ត្រី អ៊ីរ៉ាក់លោក Mustafa al-Kadhimi ត្រូវបានគេជឿជាក់ថា នឹងត្រៀមបំពេញទស្សនកិច្ចជាផ្លូវការ នៅក្នុងប្រទេសអង់គ្លេស។

ការប្រកាស ដែលត្រូវបានធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ីរ៉ាក់លោក Fuad Hussein នៅអំឡុងពេល ដែលទទួលស្វាគមន៍អគ្គរដ្ឋទូតអង់គ្លេស ប្រចាំនៅអ៊ីរ៉ាក់លោក Stephen Hickey ដោយភាគីទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ អំពីការងារបំពេញទស្សនកិច្ច របស់លោក Kadimi នៅអង់គ្លេស ប៉ុន្តែនៅមិនទាន់អាចបញ្ជាក់ច្បាស់ អំពីពេលវេលាច្បាស់លាស់ នៅឡើយទេ។

លោក Hussein បានបន្តទៀត ផងដែរថារដ្ឋាភិបាលអ៊ីរ៉ាក់ បានចាត់វិធានការសន្តិសុខ ដើម្បីផ្តល់បរិយាកាសសមស្រប សម្រាប់ការងារ របស់រាល់បេសកកម្មការទូតទាំងអស់ នៅទីក្រុងបាដាដ។ គួរឲ្យដឹងដែរថា កន្លងមកក្រុមសកម្មប្រយុទ្ធ ដែលមិនស្គាល់អត្តសញ្ញាណ បានបាញ់កាំភ្លើងត្បាល់ជាញឹកញយ ទៅលើមូលដ្ឋានទ័ពអ៊ីរ៉ាក់ ដែលមានទីតាំងនៅកងកម្លាំងចម្រុះ ដឹកនាំដោយសហរដ្ឋអាមេរិក ក៏ដូចជាស្ថានទូតសហរដ្ឋអាមេរិក នៅតំបន់បៃតង ដែលមានការពង្រឹងយ៉ាងខ្លាំង នៅទីក្រុងបាកដាដ៕

ប្រែសម្រួល៖ស៊ុនលី

To Top