ព័ត៌មានអន្តរជាតិ

ជប៉ុន ចាប់ដំណើរការនាវាមុជទឹក ដើរដោយថាមពលអាគុយ

បរទេស៖ ប្រទេសជប៉ុន នៅថ្ងៃពុធម្សិលមិញនេះ បានបង្ហាញប្រភេទដ៏ថ្មីបំផុតនៃនាវាមុជទឹករបស់ខ្លួន រួមជាមួយការប្រារព្ធពិធ បើកដំណើរការ នាវាមុជទឹកចម្បាំង Taigei នោះ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។

នាវាមុជទឹកដើរដោយប្រេងម៉ាស៊ូតនិងថាមពលអគ្គិសនីនោះ គឺមានបំពាក់អាគុយលីចូម-អ៊ីយ៉ុង ដែលបច្ចុប្បន្ននេះ ត្រូវបានប្រើប្រាស់ដោយនាវាមុជទឹកជប៉ុន សម្រាប់ការធ្វើដំណើរក្រោមទឹករយៈចម្ងាយកាន់តែឆ្ងាយជាងមុន។

ដោយមានប្រវែង២៧៥ហ្វីត និងទម្ងន់៣.០០០តោននោះ នាវាមុជទឹក ឈ្មោះ Taigei ដែលមានន័យថា ត្រីបាឡែនធំក្នុងភាសាជប៉ុននោះ គឺត្រូវបានផលិតនិងដាក់ដំណើរការ នៅទីលានផលិតនាវា Mitsubishi Heavy Industries ក្នុងទីក្រុង Kobe ដោយចំណាយអស់ទឹកប្រាក់៧២០លានដុល្លារ។

គួរបញ្ជាក់ថា នាវាមុជទឹកថ្មីនេះ នឹងផ្ទុកបុគ្គលិកបានចំនួន៧០នាក់ និងត្រូវបានរចនាផលិតឡើងឲ្យមានសមត្ថភាពបំបាំងកាយ និងគ្រោងដាក់ឲ្យបម្រើសេវ៉ាកម្មយោធា នៅក្នុងខែមីនា ឆ្នាំ២០២២៕
ប្រែសម្រួល៖ប៉ាង កុង

To Top