ព័ត៌មានអន្តរជាតិ

លោក ត្រាំ សន្យាព្យាបាលជំងឺកូវីដ១៩ ដល់ពលរដ្ឋអាមេរិក ទាំងអស់ដោយមិនគិតប្រាក់ និងព្រមានថា បើបក្សប្រជាធិបតេយ្យឈ្នះឆ្នោត គឺអាចធ្វើឱ្យស្ថានភាព មេរោគឆ្លងកាន់តែអាក្រក់

បរទេស៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ត្រាំ បានប្រាប់អ្នកគាំទ្ររបស់លោកនៅរដ្ឋ Wisconsin ថា ប្រជាជនអាមេរិកទាំងអស់នឹងទទួលបានការព្យាបាលមេរោគកូវីដ១៩ ដែលគាត់បានទទួលដោយឥតគិតថ្លៃ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ត្រាំ បាននិយាយនៅឯយុទ្ធនាការឃោសនា រកសំឡេងឆ្នោតនៅទីក្រុង Janesville រដ្ឋ Wisconsin ថា «យើងនឹងបង្កើតអ្វីដែលខ្ញុំមានអាចរកបាន សម្រាប់អ្នករាល់គ្នាដោយឥតគិតថ្លៃ ។ អង្គបដិប្រាណខ្ញុំគិតថា អង្គបដិប្រាណគឺជារបស់ល្អបំផុត»។ លោកបានបន្ថែមថា « ការបោះឆ្នោតនេះ គឺជាជំរើសមួយរវាងការងើបឡើងវិញដ៏អស្ចារ្យរបស់ Trump និងការធ្លាក់ទឹកចិត្តរបស់លោក ប៊ីដិន»។

នៅព្រឹកថ្ងៃនេះថ្លែងនៅឯការប្រមូលផ្តុំមួយផ្សេងទៀត នៅ Muskegon រដ្ឋ Michigan លោក ត្រាំ បានព្រមានថា ប្រសិនបើជ័យជំនះ ធ្លាក់ទៅលើអ្នកប្រជាធិបតេយ្យ នៅក្នុងការបោះឆ្នោតខែវិច្ឆិកាខាងមុខ គឺអាចធ្វើឱ្យស្ថានភាព មេរោគឆ្លងកាន់តែអាក្រក់នៅក្នុងរដ្ឋ Michigan ក៏ដូចជាសហរដ្ឋអាមេរិកទាំងមូល។

លោក Trump បាននិយាយដោយសង្កត់ធ្ងន់ថា «”អ្នកប្រជាធិបតេយ្យនឹងបញ្ចប់ការជាសះស្បើយ របស់យើងជាមួយនឹងការបិទប្រទេស ដែលមិនមានលក្ខណៈច្បាស់លាស់ ដូចជាអភិបាលរដ្ឋ របស់អ្នកកំពុងធ្វើឥឡូវនេះ»៕
ប្រែសម្រួលៈ ណៃ តុលា

To Top