ព័ត៌មានអន្តរជាតិ

ករណីរញ្ជួយដី នៅតួកគី បណ្តាលឲ្យស្លាប់តិចបំផុត១២នាក់ និងរបួស៤៣៨នាក់

អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ថា លោក Recep Tayyip Erdogan ប្រធានាធិបតីរបស់ប្រទេសតួកគី បានថ្លែងថា យ៉ាងហោចណាស់មនុស្សចំនួន១២នាក់បានស្លាប់ និង៤៣៨នាក់បានរងរបួស នៅក្នុងហេតុការណ៍រញ្ជួយដីដ៏ខ្លាំង ដែលបានវាយប្រហារមកលើខេត្ត Izmir កាលពីថ្ងៃសុក្រម្សិលមិញនេះ ដែលជាខេត្តមួយស្ថិតនៅភាគខាងលិចនៃប្រទេសតួកគី ។

ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ នៅក្រុងអ៊ីស្តង់ប៊ុល លោក Erdogan បានថ្លែងថា ប្រតិបត្តិការរុករក និងជួយសង្គ្រោះ បានបន្តធ្វើឡើង នៅក្នុងអគារដែលរងការខូចខាតចំនួន១៧កន្លែង ។

គ្រោះរញ្ជួយដីនេះមានកម្រិត៦,៦រ៉ិចទ័រ ដែលបានកើតឡើងនៅសមុទ្រ Aegean Sea នៅតំបន់មាត់សមុទ្រ នៃខេត្ត Izmir ភាគខាងលិចប្រទេសតួកគី នៅវេលាម៉ោង១១និង៥០នាទី ម៉ោងសកល ដែលមានជម្រៅ១៦,៥៤គីឡូម៉ែត្រ ហើយចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះមានចម្ងាយ១៧,២៦គីឡូម៉ែត្រនៃស្រុក Seferihisar ។

ទន្ទឹមនឹងនេះដែរ ការិយាល័យរបស់ប្រធានាធិបតីតួកគី បានឲ្យដឹងថា លោក Kyriakos Mitsotakis នាយករដ្ឋមន្ត្រីក្រិច និងលោកប្រធានាធិបតីតួកគី បានពិភាក្សាគ្នាតាមទូរស័ព្ទ បន្ទាប់ពីមានគ្រោះរញ្ជួយដីនេះកើតឡើង ដែលបានរងផលប៉ះពាល់ដល់ប្រទេសក្រិចផងដែរ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top