ព័ត៌មានអន្តរជាតិ

វិភាគ: ព្រះមហាក្សត្រថៃ អំពាវនាវអោយ មានសាមគ្គីភាព ខណៈក្រុមបាតុករផ្លាស់ប្តូរក្បួនបាតុកម្ម ដោយជិះម៉ូតូវិញ

បច្ចុប្បន្នភាព
ប្រភពពី Nikkei Asia បានចុះផ្សាយថា ព្រះមហាក្សត្រថៃ ព្រះមហាវិជ្ជរ៉ាឡុងកន បានអំពាវនាវដ៏កម្រមួយ កាលពីថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អោយប្រជារាស្ត្រគ្រប់រូបនៃព្រះរាជាណាចក្រមួយនេះ មានសាមគ្គីភាពឡើងវិញ និងបញ្ចប់ការធ្វើបាតុកម្មដែលនាំអោយបាត់បង់សណ្តាប់ធ្នាប់ និងអសន្តិសុខនៅក្នុងប្រទេស ។

ការអំពាវនាវ របស់ព្រះមហាវិជ្ជរ៉ាឡុងកន ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលដែលព្រះអង្គយាងទៅបើក សម្ពោធផ្លូវរថភ្លើង លើអាកាសមួយខ្សែទៀត នៅទីក្រុងបាងកក ក្រោមសម្លេង ហ៊ោកញ្ច្រៀវអបអរសាទរ ពីក្រុមអ្នកគាំ ទ្ររាជានិយម និងក្រោមការរិះគន់ ពីក្រុងយុវបាតុករ គាំទ្រប្រជាធិបតេយ្យ ដែលនៅតែបន្ តធ្វើបាតុកម្មនៅឡើយ ។

កាលពីថ្ងៃសៅរ៍ដដែល ក្រុមបាតុករដែលភាគច្រើន ជាក្រុមយុវជនមកពីគ្រប់មជ្ឈដ្ឋាន និងមានក្រុមនិស្សិត ស្លៀកពាក់ឯកសណ្ឋាន សាលាផង បានផ្លាស់ប្តូរក្បួន បាតុកម្មរបស់ខ្លួនពីប្រមូលផ្តុំគ្នា អង្គុយតវ៉ា នៅទីលានប្រជាធិបតេយ្យ និងពីការដើរដង្ហែក្បួន បាតុកម្មនៅតាម ដងផ្លូវ ទៅជាក្បួនបាតុកម្ម ដោយជិះម៉ូតូ តវ៉ានៅតាមដងផ្លូវវិញ ។

សូមបញ្ជាក់ជូនថា ក្បួនបាតុកម្មរបស់ប្រជាបាតុករ នៅទីក្រុងបាងកក បានកើតចេញពីក្រុមចំនួន២០ក្រុម នៅទូទាំងប្រទេស ដែលមានគោលដៅ ប្រហាក់ប្រហែលគ្នា ក្នុងការទាមទារអោយមាន លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ នៅក្នុងប្រទេសថៃ ក្រោយពីមានរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រីជាញឹកញាប់ចាប់តាំងពីឆ្នាំ២០០០កន្លងមក ។

ចំពោះការទាមទារ របស់ក្រុមប្រជាបាតុករ ចម្រុះនៅតែដដែលទេ គឺទី១ក្រុមបាតុករបានទាមទារអោយ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ដែលបានកាន់អំណាចចាប់តាំងពីក្រោយរដ្ឋប្រហារ កាលពីឆ្នាំ២០១៤ កន្លងមកចុះចេញ ពីតំណែង ទី២ទាមទារអោយសភាជាតិធ្វើកំណែ ទម្រង់រដ្ឋធម្មនុញ្ញ ដើម្បីអោយថៃ ក្លាយជាប្រទេស មានលទ្ធិប្រជាធិបតេយ្ យពិតប្រាកដ និងទី៣ ទាមទារអោយធ្វើកំណែទម្រង់ ស្ថាប៍នព្រះមហាក្សត្រ ដែលមានអំណាចជ្រុល ។

ទោះបីជាមានការអំពាវនាវ ពីព្រះមហាក្សត្រ ព្រះមហាវិជ្ជរ៉ាឡុងកន អោយប្រជារាស្ត្រថៃមានសាមគ្គីភាព ក៏ដោយ ក៏ក្រុមបាតុករ រាប់ម៉ឺននាក់ នៅតែបន្តចេញ ទៅធ្វើបាតុកម្មដែរ ដោយសារការទាមទារ ទាំង៣ចំណុចរបស់ពួកគេ នៅមិនទាន់ដោះស្រាយទេ ហើយរដ្ឋាភិបាលរបស់ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ហាក់ដូចជាគ្មានដំណោះស្រាយ ។

កាលពីថ្ងៃសៅរ៍ដដែល ក្រុមបាតុកររាប់ពាន់នាក់ បានចេញទៅប្រមូលផ្តុំគ្នា នៅវិមានប្រជាធិបតេយ្យ ក្នុងទីក្រុងបាងកក និងបានយក ក្រណាត់សមួយផ្ទាំងធំ ទៅរុំព័ទ្ធជុំវិញវិមានដែលនៅលើផ្ទាំង ក្រណាត់សនោះ ក្រុមបាតុករបានសរសេរ ទាមទារអោយធ្វើកំណែទម្រង់ស្ថាប័ន ព្រះមហាក្សត្រ និងទាមទារអោយលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង ។

ស្របពេលដែលព្រះមហាក្សត្រ យាងសម្ពោធផ្លូវរថភ្លើង លើអាកាស ហើយក្រុមបាតុករនៅតែបន្តធ្វើបាតុកម្ម ក្រុមអាជ្ញាធររបស់ប្រទេសថៃ បានដាក់ពង្រាយកងកម្លាំងប៉ូលីសប្រមាណជាង៨ពាន់នាក់នៅទីក្រុងបាងកក ក្នុងការរក្សាសណ្តាប់ធ្នាប់ និងសន្តិសុខដល់ពិធីសម្ពោធផ្លូវរថភ្លើង និងគ្រប់គ្រង ស្ថានភាពទូទៅ នៅក្នុងទីក្រុងនេះ ។

តែទោះបីជាយ៉ាងណា គេមិនឃើញមានការប៉ះទង្គិចគ្នា រវាងកងកម្លាំងប៉ូលីស និងក្រុមបាតុករនោះទេ ហើយកងកម្លាំងប៉ូលីស ក៏មិនបានបង្ក្រាបលើក្រុមបាតុករដែរ ដោយគ្រាន់តែមានភាពតានតឹង ប៉ុណ្ណោះ ក្រោយពីប៉ូលីស បានប្រើប្រាស់រថយន្តបាញ់ទឹកដើម្បីបំបែកហ្វូងបាតុករចំនួន២លើរួចទៅហើយនោះ ។

ដើមចមនាំអោយកើតរឿង
អ្នកជំនាញផ្នែកកិច្ចការ នយោបាយ នៅតំបន់អាស៊ីអាគ្នេយ៍ បាននិយាយថា ដើមចមដែលនាំអោយក្រុមបាតុករ រាប់ពាន់នាក់ ចេញធ្វើបាតុកម្ មទាមទារ៣ចំណុច ខាងលើ ដោយសារក្រុមបាតុករ យល់ថា ប្រទេសថៃមិនមាន លទ្ធិប្រជាធិបតេយ្យពិតប្រាកដទេ ដោយរដ្ឋាភិបាលគ្មានឯករាជ្យ និងគាំទ្ររាជានិយមខ្លាំងហួសហេតុ ហើយស្ថាប័នព្រះមហាក្សត្រ បានប្រមូលផ្តុំអំណាច កាន់តែខ្លាំងឡើង តាមរយៈការចេញច្បាប់កាន់តែតឹងតែង ស្តីពីទោសប្រមាថ ព្រះមហាក្សត្រ ដែលជនល្មើស អាចជាប់ពន្ធនាគាររហូតដល់១៥ឆ្នាំ ។

អ្នកជំនាញដដែល បានបន្តថា ក្រុមបាតុករនឹងនៅតែបន្ តធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ប្រសិនបើ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា មិនស្វែងរកដំណោះស្រាយជូន ក្រុមបាតុករ ទៅតាមការទាមទាររបស់ពួកគេ ហើយអំពើហិង្សា អាចនឹងកើតឡើងនៅពេលខាងមុខ ប្រសិនបើ កងកម្លាំងរដ្ឋាភិបាល ប្រើកម្លាំងបង្ក្រាបក្រុមបាតុករដូចរយៈពេលកន្លងមក ដែលរដ្ឋាភិបាលធ្លាប់ធ្វើ ៕

ដោយ៖ អ៊ី ជិន

To Top