ព័ត៌មានអន្តរជាតិ

ក្រឡាប់រថយន្ត ដឹកអ្នកដំណើរធ្លាក់ ចូលក្នុងជ្រោះដ៏ជ្រៅ មួយនៅប៉ាគីស្ថាន បណ្តាលឲ្យស្លាប់ និងរបួសជិត២០នាក់

អ៊ីស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា មន្ត្រីរដ្ឋាភិបាលមួយរូបបានឲ្យដឹងថា រថយន្តដឹកអ្នកដំណើរចំនួន០១គ្រឿង បានក្រឡាប់ធ្លាក់ចូល ក្នុងជ្រោះដ៏ជ្រៅមួយ នៅស្រុក Nowshera ស្ថិតនៅភាគពាយព្យ នៃប្រទេសប៉ាគីស្ថាន កាលពីថ្ងៃចន្ទ បណ្តាលឲ្យស្លាប់មនុស្ស០៨នាក់ ទន្ទឹមនឹងនេះដែរ អ្នកផ្សេងទៀតចំនួន១១នាក់បានរងរបួស ។

លោក Noor Wali Khan អនុប្រធានគណៈកម្មាធិការប្រចាំស្រុក Nowshera បានប្រាប់ដល់ស៊ិនហួថា ស្ត្រី និងកុមារម្នាក់ ក្នុងចំណោមអ្នកស្លាប់ទាំងនោះ នៅគ្រាដែលរថយន្ត បានក្រឡាប់ពេលបើកធ្លាក់ចេញពីផ្លូវ Kaka Sahib នៅក្នុងស្រុក Nowshera ដែលជាខេត្តមួយស្ថិតនៅភាគពាយព្យ នៃខេត្ត Khyber Pakhtunkhwa ។

បន្ទាប់ពីមានឧប្បត្តិហេតុ ប៉ូលិស ជាមួយនឹងក្រុមជួយសង្គ្រោះ បានទៅដល់កន្លែងកើតហេតុ និងបាននាំយកសាកសព និងអ្នករងរបួសមកកាន់មន្ទីរពេទ្យដែលនៅជិតនោះ ។ ក្រុមអ្នកស្ម័គ្រចិត្តក្នុងស្រុក ក៏បានចូលរួមនៅក្នុងសកម្មភាព នៃការជួយសង្គ្រោះនេះដែរ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top