ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភា អាមេរិកស្វះស្វែង បញ្ឈប់កិច្ចព្រមព្រៀង លក់អាវុធ របស់លោក ត្រាំ ឲ្យសហភាពអារ៉ាប់រួម

បរទេស ៖ សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ពួកគេនឹងធ្វើការណែនាំ ចេញច្បាប់ ស្វះស្វែងបញ្ឈប់កិច្ចប្រឹងប្រែង របស់រដ្ឋបាលលោក ត្រាំ ក្នុងការលក់កូនដ្រូននិងប្រព័ន្ធ អាវុធផ្សេងទៀតមានទំហំទឹកប្រាក់ ជាង២៣ពាន់លានដុល្លារ ឲ្យទៅសហភាព អារ៉ាប់រួម ។

សមាជិកព្រឹទ្ធសភា មកពីបក្សលទ្ធិប្រជាធិបតេយ្យ លោក Bob Menendez និងលោក Chris Murphy និងសមាជិកព្រឹទ្ធសភា មកពីបក្សសាធារណរដ្ឋ គឺលោក Rand Paul នឹងណែនាំចេញសេចក្តីសម្រេចផ្សេងគ្នា ចំនួន៤បង្ហាញការមិនពេញចិត្ត ចំពោះគម្រោង របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការលក់កូនដ្រូន Reaper យន្តហោះចម្បាំង F-35 មីស៊ីលវាយប្រហារពីអាកាសទៅអាកាស និងគ្រាប់អាវុធផ្សេងទៀត មានទំហំទឹកប្រាក់ជាង ២៣ពាន់លានដុល្លារ ឲ្យដល់សហភាពអារ៉ាប់រួម ។

គួរបញ្ជាក់ថា ការលក់អាវុធទ្រង់ទ្រាយធំនេះ អាចនឹងធ្វើឲ្យមានការផ្លាស់ប្តូរតុល្យភាព អំណាចនៅក្នុងតំបន់មជ្ឈិមបូព៌ា ហើយសមាជិក សភាអាមេរិក នាពេលថ្មីៗនេះ បង្ហាញការមិនពេញចិត្ត ចំពោះការប៉ុនប៉ងរបស់រដ្ឋបាលលោក ត្រាំ ដែលធ្វើឡើង យ៉ាងប្រញាប់ប្រញាល់ ដោយបានបញ្ជូនសេចក្តី ជូនដំណឹងផ្លូវការ ឲ្យដល់សភា កាលពីសប្ដាហ៍មុន៕
ប្រែសម្រួល៖ប៉ាង កុង

To Top