ព័ត៌មានអន្តរជាតិ

សារព័ត៌មានអ៊ីស្រាអែល៖ អតីតនាយករដ្ឋមន្រ្តី លោក Olmert មានខ្សែអាត់សំឡេង ពិភាក្សាអំពីការផលិតគ្រាប់បែក នុយក្លេអ៊ែរ ៥គ្រាប់របស់ លោក Fakhrizadeh

បរទេស៖ ការលាតត្រដាងនេះអាចជួយពន្យល់ អំពីការកើនឡើងនូវកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់នៅចុងទសវត្សឆ្នាំ ២០០០ ក៏ដូចជាផ្តល់នូវបរិបទបន្ថែមទៀត នៅពីក្រោយការសម្លាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរអ៊ីរ៉ង់ឈានមុខគេលោក Mohsen Fakhrizadeh ដែលការស្លាប់នេះមិនទាន់ត្រូវបានគេសន្និដ្ឋាននៅឡើយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានចុះផ្សាយរបាយការណ៍ដែលអះអាងថា អតីតនាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក Ehud Olmert មានការថតសំឡេងសម្ងាត់បំផុតរបស់លោក Fakhrizadeh ដែលនិយាយអំពីការផលិតអាវុធនុយក្លេអ៊ែរ។ លោក Olmert បានអះអាងថា លោកបានប្រើប្រាស់ការថតសំឡេងនៅឆ្នាំ ២០០៨ ដើម្បីទទួលបាននូវកិច្ចសហប្រតិបត្តិការ កាន់តែខ្លាំងពីសហរដ្ឋអាមេរិកពីប្រធានាធិបតីអាមេរិកលោក George W. Bush។

យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលដោយផ្អែកលើការរំលឹករបស់មន្រ្តីស៊ើបការណ៍ជាន់ខ្ពស់ និង លោក Ehud Barak ដែលបានបម្រើការជារដ្ឋមន្ត្រីការពារជាតិកាលដែលលោក Olmert ជានាយករដ្ឋមន្រ្តី។ នៅពេលនោះ លោ Olmert បានចាក់សំឡេងអោយលោក Bush ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលកាលពីខែឧសភាឆ្នាំ ២០០៨ ដើម្បីអបអរខួបលើកទី ៦០ នៃការបង្កើតប្រទេស៕

To Top