ព័ត៌មានអន្តរជាតិ

ព្រឹទ្ធសភា អាមេរិកគាំទ្រ ការលក់អាវុធទ្រង់ទ្រាយធំ ឲ្យសហភាព អារ៉ាប់រួម ក្រោយលោក ត្រាំ គម្រាមធ្វើវេតូ

បរទេស៖កិច្ចប្រឹងប្រែង ដើម្បីបញ្ឈប់កិច្ចព្រមព្រៀង លក់អាវុធបច្ចេកវិទ្យាខ្ពស់របស់លោកប្រធានាធិបតី ដូណាល់ត្រាំ ជាមួយសហភាពអារ៉ាប់រួម បានក្លាយជាបរាជ័យ ក្នុងព្រឹទ្ធសភាអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ ដោយសារសមាជិក ព្រឹទ្ធសភាមកពីបក្សសាធារណរដ្ឋរបស់លោក ត្រាំ បានប្រឆាំងសេចក្តីសម្រេចមិនអនុម័ត ដែលស្វះស្វែងរារាំងការលក់កូនដ្រូននិងយន្តហោះចម្បាំង F-35 នោះ។

ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានធ្វើការបោះឆ្នោត៥០សម្លេងទល់នឹង៤៦សម្លេង និង៤៩សម្លេងទល់នឹង៤៧សម្លេង ដើម្បីបញ្ឈប់ការពិចារណាលើសេចក្តីសម្រេចចិត្តនោះ ដែលអាចរារាំងពួកវា យ៉ាងហោចណាស់ ក៏បានរហូតដល់ប្រធានាធិបតីជាប់ឆ្នោតថ្មី លោក ចូ បៃដិន ឡើងកាន់តំណែងនៅក្នុងខែមករា ឆ្នាំ២០២១ដែរ។

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃពុធ រដ្ឋបាលរបស់លោក ត្រាំ បានចេញនូវសេចក្តីជូនដំណឹងផ្លូវការមួយបង្ហាញពីបំណងរបស់ខ្លួនថា នឹងធ្វើវេតូចំពោះសេចក្តីសម្រេច ប្រសិនបើពួកវា បានឆ្លងផុតការអនុម័តពីព្រឹទ្ធសភានិងរដ្ឋសភា៕ប្រែសម្រួល៖ប៉ាង កុង

To Top