បរទេស៖ប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានពង្រីកដាក់បម្រាមមិនឲ្យធ្វើការជួបជុំគ្នាជាលក្ខណៈឯកជនលើសពីចំនួនមនុស្ស៤នាក់ នៅទូទាំងប្រទេសទាំងមូល និងបានបន្តប្រើច្បាប់គម្លាតទំនាក់ទំនងសង្គមដែលមិនធ្លាប់មានពីមុន នៅក្នុងតំបន់ទីក្រុងសេអ៊ូល ស្របពេលដែលចំនួនករណីឆ្លងប្រចាំថ្ងៃ បានវិលត្រឡប់កើនឡើងខ្លាំងដល់ចំនួនជាង១.០០០ករណី ក្នុងរយៈពេល៤ថ្ងៃ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បាននិងកំពុងតែជួបប្រទះសន្ទុះឆ្លងកើនឡើង នៅក្នុងអំឡុងរលកឆ្លងដ៏ថ្មីបំផុត ដែលបានបណ្ដាលឲ្យមានចំនួនអ្នកស្លាប់កើនឡើងខ្លាំង។
គួរបញ្ជាក់ថា ទីភ្នាក់ងារគ្រប់គ្រងនិងទប់ស្កាត់ជម្ងឺកូរ៉េ ហៅកាត់ថា KDCA បានឲ្យដឹងថា កូរ៉េខាងត្បូង បានរាយការណ៍ករណីមេរោគកូរ៉ូណាថ្មីចំនួន១.០២០ គិតត្រឹមពាក់កណ្ដាលថ្ងៃអាទិត្យ បណ្ដាលឲ្យមានករណីឆ្លងសរុប៦៤.២៦៤ករណី ដោយមានអ្នកស្លាប់ចំនួន៩៨១នាក់៕ ប្រែសម្រួល៖ប៉ាង កុង