ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអាមេរិក-រុស្ស៊ី ជួបពិភាក្សាគ្នាស្ដីពីការគ្រប់គ្រងអាវុធ និងបញ្ហានៅអ៊ុយក្រែន

វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងសមភាគីរុស្ស៊ីរបស់លោក គឺលោក វ្លាឌីមៀ ពូទីន បានជួបពិភាក្សាតាមទូរស័ព្ទ ស្ដីពីការគ្រប់គ្រងអាវុធ និងបញ្ហាផ្សេងទៀត ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទលើកដំបូងរបស់មេដឹកនាំទាំងពីរ។

សេតវិមានបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក បៃដិន និងលោក ពូទីន បានពិភាក្សាពីឆន្ទៈ របស់ប្រទេសទាំងពីរ ក្នុងការពង្រីកសន្ធិសញ្ញាកាត់បន្ថយអាវុធ (NEW START) រយៈពេល ៥ ឆ្នាំទៀត ដោយយល់ព្រម ឱ្យក្រុមការងារទ្វេភាកីធ្វើការជាបន្ទាន់ ដើម្បីបញ្ចប់ការពន្យារពេល នៅថ្ងៃទី០៥ ខែកុម្ភៈ។

មេដឹកនាំទាំងពីរក៏បានព្រមព្រៀងគ្នា ដើម្បីស្វែងរកការពិភាក្សាស្ថេរភាព ជាយុទ្ធសាស្ត្រ ស្តីពីការគ្រប់គ្រងអាវុធជាច្រើន និងបញ្ហាសន្តិសុខ ដែលកំពុងលេចឡើង។

លោក ចូ បៃដិន នៅក្នុងការហៅទូរស័ព្ទ បានបញ្ជាក់ជាថ្មី នូវការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអធិបតេយ្យភាពរបស់អ៊ុយក្រែន។ ហើយនៅក្នុង សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “លោកក៏បានលើកឡើងនូវបញ្ហា ដែលគួរឱ្យព្រួយបារម្ភផ្សេងទៀត រួមមានការវាយប្រហារលើ SolarWinds ។

របាយការណ៍ នៃប្រទេសរុស្ស៊ីផ្តល់ប្រាក់រង្វាន់ ដល់ទាហានអាមេរិក នៅអាហ្វហ្គានីស្ថាន ការជ្រៀតជ្រែក ក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកឆ្នាំ ២០២០ និងការបំពុល មេដឹកនាំបក្សប្រឆាំងលោក Aleksey Navalny”៕ ដោយ៖ ឈូក បូរ៉ា

To Top