ភ្នំពេញ៖ លោក តាន់ វុទ្ធា អ្នកតាមដានភូមិសាស្រ្តនយោបាយ បានលើកឡើងថា ក្រោយរដ្ឋប្រហារ នៅភូមាពួកយោធាអត់ធ្មត់សង្កត់ចិត្ត មិនទាន់ហ៊ានប្រើកណ្តាប់ដៃដែក ទៅលើហ្វូងបាតុករនៅទ្បើយទេ ដោយរង់ចាំដំណោះស្រាយ ក្រោយវាំងននរវាងសហរដ្ឋអាមេរិក និងចិនសិន ព្រោះពួកយោធាដឹង យ៉ាងច្បាស់ថា រដ្ឋការលោក Joe Biden នឹងមិនហ៊ានប្រើធម៌ក្តៅជាមួយពួកគេទ្បើយ។

ជុំវិញបញ្ហាដែលកំពុងក្ដៅគគុក នេះ លោក តាន់ វុទ្ធា បានបកស្រាយ និងពន្យល់នៅថ្ងៃទី១៨ កុម្ភៈនេះ ថា មូលហេតុក៏ដោយសារតែ ប្រសិនបើសហរដ្ឋអាមេរិក បបួលសម្ព័ន្ធមិត្ត Indo-Pacific ដាក់ទណ្ឌកម្មលើប្រទេសភូមានោះ មេដឹកនាំយោធាភូមានឹងបណ្តេញ ក្រុមហ៊ុនធំៗរបស់ Indo-Pacific ដូចជា ជប៉ុន ឥណ្ឌា អូស្រ្តាលី កូរ៉េខាងត្បូង និង សឹង្ហបុរី ជាដើម ចេញពីភូមា ហើយប្រទេសទាំងនោះ នឹងខាតបង់ប្រាក់រាប់ពាន់លានដុល្លារមួយ រំពេចដែលនេះជាចំណុច ចាប់ផ្តើមចុះខ្សោយ និងបែកបាក់គ្នារបស់ Indo-Pacific ហើយ។

លោក តាន់ វុទ្ធាបញ្ជាក់បន្ថែមថា ពួកយោធាមិនខ្លាចទណ្ឌកម្ម សេដ្ឋកិច្ចទ្បើយ ដោយសារពួកគេអាងរកស៊ីជាមួយចិន។ ដូចនេះ អ្នកដែលលួចញញឹម បិទមាត់មិនជិតគឺចិនដដែល ដោយសារចិនជាមហាអំណាច ផ្ការីករកស៊ីកាក់កប គ្រប់រដូវនៅប្រទេសភូមា ចាប់តាំងពីជំនាន់ ម៉ៅ សេទុង រហូតដល់ជំនាន់លោក ស៊ី ជីនពីង។ ចិនរក្សាទំនាក់ទំនងល្អបានទាំងរដ្ឋាភិបាលស៊ីវិល និងពួកយោធា តែចិនទុកចិត្តពួកយោធាជាង ព្រោះពួកយោធាចាក់គ្រឹះជាមួយចិនជាង៥ ទសវត្សរ៏មកហើយ។ ហើយល្បែងរដ្ឋប្រហារនេះ ចិនគឺជាអ្នកឈ្នះដាច់តែម្តង បើទោះជាមានដំណោះស្រាយបែបណាក៏ដោយ។

យោធានឹងមិនចុះញ៉ម ជាមួយក្រុមបាតុករ ជាដាច់ខាត ព្រោះបើចុះញ៉ម,ជន្ទល់អំណាចរបស់ពួកគេនឹងកាន់តែស្រុតចុះ ដូចមានបង្ហាញក្នុងលទ្ធផលបោះឆ្នោតឆ្នាំ២០២០ ស្រាប់។ ពួកគេចង់តថ្លៃអំណាចក្នុងសភា និងទាមទារយកក្រសួងសំខាន់ៗថែមទៀតយកមកគ្រប់គ្រងទោះជាពួកគេបាត់បង់សម្លេងឆ្នោតយ៉ាងគំហុកក៏ដោយ។

សូមកុំភ្លេចថា ភូមាមិនត្រឹមតែជា ប្រទេសមានភូមិសាស្រ្តនយោបាយ ក្តៅរបស់មហាអំណាចប៉ុណ្ណោះទេ តែភូមាជាប្រទេសសម្បូរ ធនធានធម្មជាតិកម្របំផុត (The World’s Scarest Resources) ច្រើនណាស់ ទាំងក្នុងសមុទ្រ និងក្នុងដី មានដូចជា រ៉ែមាស ធ្យូងថ្ម ប្រេងកាត និងឧស្ម័ន ដែលប្រទេសណាក៏ជញ្ជក់មាត់ចង់បានដែរ។ជាពិសេសភូមាជាប់ជាប្រទេសសំបូរឧស្ម័នបម្រុង ច្រើនជាងបំផុតមួយក្នុងលោក គឺរហូតដល់ 11.8 Trillion ម៉ែត្រគីប។ គ្រាន់តែប្រេងកាត និងឧស្ម័នបានបង្កើតចំណូល អោយភូមាបានជាង ៦៩ ពាន់លានដុល្លាររួចទៅហើយ៕
