ព័ត៌មានអន្តរជាតិ

ប្រមុខយោធាមីយ៉ាន់ម៉ា ជំរុញឱ្យមានសកម្មភាពសេដ្ឋកិច្ច ខណៈសម្ពាធពីលោកខាងលិច កំពុងកើនឡើង

រ៉ង់ហ្គូន៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា មេដឹកនាំនៃរបបយោធារបស់ប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវ ឱ្យមានកិច្ចខិតខំប្រឹងប្រែងខ្លាំងក្លា ដើម្បីស្តារសេដ្ឋកិច្ច ដែលកំពុងមានភាពទន់ខ្សោយឡើងវិញ ខណៈដែលបណ្តាប្រទេសលោកខាងលិច បានពិចារណាលើការដាក់ទណ្ឌកម្មបន្ថែមទៀត ដើម្បីជំរុញឱ្យឧត្តមសេនីយ៍ បញ្ឈប់ការបង្ក្រាបដោយហិង្សា លើបាតុកម្មប្រជាធិបតេយ្យ។

ការអំពាវនាវ ឱ្យផ្តោតលើសេដ្ឋកិច្ចបានកើតឡើង បន្ទាប់ពីមានការផ្ទុះកូដកម្មជាទូទៅមួយ ដែលបានបិទអាជីវកម្មកាលពីថ្ងៃច័ន្ទ ហើយហ្វូងមនុស្សយ៉ាងច្រើន បានប្រមូលផ្ដុំគ្នា ដើម្បីប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ របស់យោធា និងទាមទារ ឱ្យមានការដោះលែងមេដឹកនាំជាប់ឆ្នោត លោកស្រី អ៊ុងសាន ស៊ូជី ទោះបីជាមានការព្រមានពីអាជ្ញាធរថា ការប្រឈមមុខគ្នាអាចធ្វើឱ្យមនុស្សស្លាប់។

ក្រុមអ្នកប្រឆាំងនឹងរដ្ឋប្រហារ បានប្រមូលផ្តុំគ្នាម្តងទៀត កាលពីថ្ងៃអង្គារ ទោះបីជាមានចំនួនតិចក៏ដោយ។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ក៏មានការហែក្បួនតូចៗ ក្នុងការគាំទ្រដល់យោធាផងដែរ ប៉ុន្ដែមិនមានរបាយការណ៍ អំពីអំពើហិង្សានោះទេ។

មេបញ្ជាការយោធាលោកឧត្តមសេនីយ៍ Min Aung Hlaing នៅក្នុងកិច្ចប្រជុំ ជាមួយក្រុមប្រឹក្សាកាន់អំណាចរបស់លោក កាលពីថ្ងៃចន្ទបានអំពាវនាវឱ្យមានការចំណាយ និងការនាំចូលរបស់រដ្ឋ កាត់បន្ថយ និងការនាំចេញកើនឡើង។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានដកស្រង់សម្តីលោក ដោយលើកឡើងថា “ក្រុមប្រឹក្សាចាំបាច់ ត្រូវដាក់ថាមពលរបស់ខ្លួន ដើម្បីស្តារសេដ្ឋកិច្ច ដែលកំពុងទន់ខ្សោយរបស់ប្រទេស ហើយវិធានការដោះស្រាយ សេដ្ឋកិច្ចត្រូវតែមាន” ។

កងទ័ពបានដណ្តើមអំណាច បន្ទាប់ពីបានចោទប្រកាន់ការក្លែងបន្លំ នៅក្នុងការបោះឆ្នោតថ្ងៃទី០៨ ខែវិច្ឆិកា ដោយបានឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងមេដឹកនាំគណបក្សជាច្រើនរូបទៀត នៅក្នុងនោះដែរ គណៈកម្មការរៀបចំការបោះឆ្នោត បានច្រានចោលពាក្យបណ្តឹង នៃការលួចបន្លំសន្លឹកឆ្នោតនោះ៕ ដោយ ៖ ឈូក បូរ៉ា

To Top