ព័ត៌មានអន្តរជាតិ

មានសញ្ញាសកម្មភាព នៅកន្លែងនុយក្លេអ៊ែ Yongbyon របស់កូរ៉េខាងជើង

បរទេស៖ រូបភាពពីផ្កាយរណបបង្ហាញថា រោងចក្រចំហាយដើរដោយធ្យូងថ្ម កំពុងតែស្ថិតក្នុងប្រតិបត្តិការ នៅទីតាំងនុយក្លេអ៊ែ Yongbyon របស់ប្រទេសកូរ៉េខាងជើង អាចជាការត្រៀមចម្រាញ់ យកសារធាតុភ្លូតូនីញ៉ូមសម្រាប់អាវុធ នេះបើយោងតាមការវិភាគ មួយធ្វើឡើងដោយគេហទំព័រអាមេរិក 38 North។

នៅក្នុងសេចក្តីរាយការណ៍មួយ បោះពុម្ពផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ រូបភាពផ្កាយរណបពីថ្ងៃទី២៥ខែកុម្ភៈនិងថ្ងៃទី០២ខែមីនា បានបង្ហាញឲ្យឃើញផ្សែងកំពុងហុយចេញពីរោងចក្រចំហាយ ដែលផ្តល់កម្តៅឲ្យដល់មន្ទីរពិសោធន៍គីមីវិទ្យុសកម្ម Yongbyon របស់កន្លែងនុយក្លេអ៊ែ។

បាយការណ៍ពីគេហទំព័រ 38 North បាននិយាយយ៉ាងដូច្នេះថា “ផ្សែងត្រូវបានគេសង្កេតឃើញហុយចេញពីបំពង់ផ្សែងរបស់រោងចក្រ ក្នុងពេលផ្សេងៗគ្នា ចាប់ពីចុងខែកុម្ភៈនិងដើមខែមីនានេះ ហាក់បង្ហាញថា ការត្រៀមរៀបចំសម្រាប់ដំណើរការកែច្នៃឥន្ធនៈ អាចនឹងកំពុងតែប្រព្រឹត្តទៅ ដើម្បីទាញយកសារធាតុភ្លូតូនីញ៉ូម ដែលត្រូវការចាំបាច់សម្រាប់អាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា របាយការណ៍នោះបានបន្ថែមទៀតដូច្នេះថា “ប៉ុន្តែនេះក៏អាចមានន័យធម្មតាថា ទីតាំងនោះកំពុងត្រូវបានរៀបចំបញ្ចេញកាកសំណល់វិទ្យុសកម្ម”៕ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×