ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី ត្រៀមនាវាមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះជីវិត ពលរដ្ឋ រងគ្រោះ ដោយព្យុះស៊ីក្លូន Seroja

ឡែមបាតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ថា ទីភ្នាក់ងារគ្រោះមហន្តរាយនេះ បាននិយាយថា នៅថ្ងៃពុធនេះ កងទ័ពជើងទឹកឥណ្ឌូណេស៊ី បានត្រៀមនាវា មន្ទីរពេទ្យ ដើម្បីជួយព្យាបាលអ្នកនៅរស់រាន មានជីវិត ពីការរងគ្រោះដោយព្យុះស៊ីក្លូន ដែលបានសម្លាប់ មនុស្សជាង១៥០នាក់ នៅក្នុងប្រជុំកោះ និងប្រទេសជិតខាង ទីម័រខាងកើត ។

ឧទ្ធម្ភាគចក្រ ក៏បានទម្លាក់ស្បៀងអាហារ និងរបស់របរចាំបាច់ផ្សេងៗទៀតទៅក្នុងភូមិដាច់ស្រយាល ហើយក្រុមអ្នកជួយសង្គ្រោះ បានប្រើសត្វឆ្កែ ដើម្បីហិតក្លិនតាមរកមនុស្ស រាប់សិបនាក់ទៀត ដែលកំពុងបាត់ខ្លួន បន្ទាប់ពីទឹកជំនន់ និងគ្រោះបាក់ដីដែលបានកើតឡើង កាលពីចុងសប្តាហ៍មុន និងបានបំផ្លាញ ប្រជាជាតិអាស៊ីអាគ្នេយ៍ មួយនេះ ។

ភ្លៀងធ្លាក់ខ្លាំង ដោយសារព្យុះត្រូពិក ស៊ីក្លូន Seroja ដែលជាព្យុះបង្កវិនាសកម្មបំផុត ក្នុងតំបន់ ក្នុងប៉ុន្មានឆ្នាំមកនេះ បានប្រែក្លាយសហគមន៍តូចៗ ទៅជាដីភក់ ធ្វើឲ្យរលើងឬសដើមឈើ និងបាន បញ្ជូនមនុស្ស ប្រមាណ១០.០០០នាក់ ឲ្យភៀសខ្លួន ទៅកាន់ជម្រកសុវត្ថិភាព ។

ព្យុះនេះបានបោកបក់ មកលើអគារក្នុងភូមិមួយចំនួន ដែលស្ថិតនៅតាមចង្កេះភ្នំ និងនៅតាមឆ្នេរសមុទ្រ នៅលើកោះ Lembata ប្រទេសឥណ្ឌូនេស៊ី ដែលសហគមន៍តូចៗ ជាច្រើនត្រូវបានលុប ចេញពីផែនទី ។

ទីភ្នាក់ងារគ្រោះមហន្តរាយ របស់ឥណ្ឌូនេស៊ី បានឲ្យដឹងថា សត្វឆ្កែនឹងដើរតាមភ្នំ ស្វែងរកកម្ទេចកំទី និងកាកសំណល់ផ្សេងៗ ដោយសង្ឃឹមថា នឹងរកឃើញសាកសពជនរងគ្រោះដែលបាត់ខ្លួនប្រហែល៧៦នាក់ និងអ្នកនៅរស់រានមានជីវិត ។

ពលរដ្ឋប្រហែល១២០នាក់ ត្រូវបានចុះបញ្ជីថា បានស្លាប់នៅក្នុងលើដីកោះដាច់ ស្រយាលមួយស្ថិត នៅចុងខាងកើត នៃប្រជុំកោះនេះ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×