ព័ត៌មានអន្តរជាតិ

ប្រេសិតយូអិនប្រចាំ នៅមីយ៉ានម៉ា ធ្វើដំណើរមកដល់ទីក្រុង បាងកក សង្ឃឹមធ្វើការពិភាក្សា ជាមួយឧត្តមសេនីយ៍យោធា

បរទេស៖ ប្រេសិតពិសេស របស់អង្គការសហប្រជាជាតិ ប្រចាំប្រទេសមីយ៉ានម៉ា លោកស្រី Christine Schraner Burgener តាមសេចក្តីរាយការណ៍ បានធ្វើដំណើរមកដល់ទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃសុក្រនេះ និងសង្ឃឹមធ្វើការពិភាក្សាគ្នាជាមួយរបបយោធាមីយ៉ានម៉ា។

ប៉ុន្តែលោកស្រី ត្រូវបាននាយឧត្តមសេនីយ៍មីយ៉ានម៉ាទាំងនោះប្រាប់ឲ្យដឹងថា ពួកគេមិនទាន់ត្រៀមខ្លួនដើម្បីធ្វើការទទួលលោកស្រីនៅឡើយនោះទេ នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១។

ដោយប្រើឈ្មោះ យោធាមីយ៉ានម៉ាថា តាតម៉ាដាវ នោះ លោកស្រី Schraner Burgener បាននិយាយលើគណនីធ្វីតធ័រផ្លូវការរបស់លោកស្រីថា “ទើបតែមកដល់បាងកកដើម្បីធ្វើការពិភាក្សាគ្នា។ ខ្ញុំសោកស្តាយ ដែលយោធាតាតម៉ាដាវឆ្លើយនឹងខ្ញុំម្សិលមិញនេះថា ពួកគមិនទាន់ត្រៀមខ្លួនទទួលខ្ញុំទេ។ ខ្ញុំត្រៀមលក្ខណៈរួចរាល់សម្រាប់កិច្ចពិភាក្សគ្នា ហើយអំពើហិង្សាមិនដែលនាំទៅរកដំណោះស្រាយប្រកបដោយសន្តិវិធីស្ថិតថេរនោះទេ”។
គួរបញ្ជាក់ថា នៅថ្ងៃសុក្រនេះ របបសឹកមីយ៉ានម៉ា បាននិយាយថា យុទ្ធនាការតវ៉ាប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួន កំពុងតែថយចុះ ព្រោះតែប្រជាជនចង់បានសន្តិភាព ស្របពេលដែលឯកអគ្គរដ្ឋទូត១៨ប្រទេសប្រចាំនៅមីយ៉ានម៉ា ស្នើក្នុងសេចក្តីថ្លែងការណ៍័រួមមួយ ឲ្យមានការស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ៕

To Top