ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង សម្រេចបន្ដដំណើរ ការចាក់វ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ Atrazeneca

សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យម្សិលមិញនេះ បានសម្រេចចិត្តបន្តដំណើរ ការចាក់វ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ AstraZeneca ដល់អ្នកទទួល ដែលមានសិទ្ធិទទួល បន្ទាប់ពីបានបញ្ឈប់កម្មវិធី ជាបណ្តោះអាសន្ន ចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីសុវត្ថិភាពរបស់វ៉ាក់សាំង ។

ទីភ្នាក់ងារការពារ និងបង្កាជំងឺកូរ៉េ (KDCA) បានឲ្យដឹងថា ការប្រើប្រាស់វ៉ាក់សាំង របស់ក្រុមហ៊ុន AstraZeneca នឹងបន្តនៅថ្ងៃច័ន្ទនេះ លើកលែងតែអ្នក ដែលមានអាយុក្រោម ៣០ ឆ្នាំ។

គណៈកម្មាធិការពិសេសមួយ ស្តីពីការចាក់ថ្នាំបង្ការបានឲ្យដឹងថា “ នៅពេលវ៉ាក់សាំងការពារ ជំងឺកូវីដ-១៩ ដើរតួយ៉ាងសំខាន់ ក្នុងការកាត់បន្ថយចំនួនករណីធ្ងន់ធ្ងរ និងការស្លាប់ការប្រើថ្នាំវ៉ាក់សាំង របស់ AstraZeneca គួរតែត្រូវបានធ្វើឡើងជាបន្ទាន់” ។

កាលពីថ្ងៃពុធសប្ដាហ៍មុនប្រទេសនេះ បានផ្អាកការប្រើប្រាស់វ៉ាក់សាំង ដោយក្រុមហ៊ុនយក្សឱសថអង់គ្លេស – ស៊ុយអែត និងសាកលវិទ្យាល័យ Oxford ខាងលើនេះ សម្រាប់មនុស្សដែលមានអាយុក្រោម ៦០ ឆ្នាំគ្រូបង្រៀន អប់រំពិសេស និងគិលានុបដ្ឋាយិកា នៅសាលា។

គួរបញ្ជាក់ថា ការពន្យាពេលនេះ បានកើតឡើងចំពេលមានការព្រួយបារម្ភ កាន់តែខ្លាំងអំពីការផ្សារភ្ជាប់គ្នា រវាងវ៉ាក់សាំង និងករណីមានឈាមកកមិនធម្មតា ពីក្នុងនិងក្រៅប្រទេស ។

មួយថ្ងៃក្រោយមក ប្រទេសកូរ៉េខាងត្បូង បានធ្វើការសម្រេចចិត្ត ជាបណ្តោះអាសន្ន ដើម្បីបន្តកម្មវិធីចាក់ ថ្នាំបង្ការ រោគឡើងវិញ ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារថ្នាំអឺរ៉ុប ដែលបានអះអាងថា អត្ថប្រយោជន៍ ពីវ៉ាក់សាំង AstraZeneca នៅតែមានការទប់ស្កាត់ហានិភ័យ ច្រើនជាងផលប៉ះពាល់ ៕

ដោយ ឈូក បូរ៉ា

To Top