ព័ត៌មានអន្តរជាតិ

សហគមន៍អ៊ឺរ៉ុប ច្រានចោលរាល់ការ ប៉ុនប៉ង បង្អាក់ដំណើរ ការការទូត ដើម្បីធ្វើឱ្យកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ មានដំណើរការឡើងវិញ

ព្រុចសែល ៖ នៅថ្ងៃអង្គារនេះសហភាពអឺរ៉ុប (EU) បានច្រានចោលយ៉ាងខ្លាំង នូវរាល់ការប៉ុនប៉ងរារាំង កិច្ចប្រឹងប្រែងការទូត ដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ ដែលកំពុងដំណើរ ការនៅទីក្រុងវីយែន ប្រទេសអូទ្រីស នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យក្រសួង ការបរទេសសហភាព អឺរ៉ុប លោក Peter Stano បានប្រាប់សន្និសីទសារព័ត៌មាន តាមអ៊ិនធឺណិតថា ឧប្បត្តិហេតុ ដែលបានរាយការណ៍ នៅក្នុងក្រុង Natanz អាចជាសកម្មភាព បំផ្លិចបំផ្លាញ ប៉ុន្តែបានទទូចថា មិនមានការបញ្ជាក់ ជាផ្លូវការណាមួយ អំពីអ្នកដែលទទួលខុសត្រូវ នោះទេ។

ទីតាំងបង្កើនសារធាតុ អ៊ុយរ៉ាញ៉ូម នៅជិតទីក្រុង តេអេរ៉ង់ ត្រូវបានរងគ្រោះដោយសារ ការដាច់ចរន្តអគ្គិសនី កាលពីថ្ងៃអាទិត្យ ខណៈក្រុមអ្នកចរចានៅទីក្រុងវីយែន កំពុងស្វះស្វែង រកសហរដ្ឋអាមេរិក ចូលក្នុង កិច្ចព្រមព្រៀង ឆ្នាំ២០១៥ ក្នុងគោលបំណង ទប់ស្កាត់មហិច្ឆតានុយក្លេអ៊ែរ អ៊ីរ៉ង់ បន្ទាប់ពីអតីតប្រធានាធិបតី អាមេរិកលោក ដូណាល់ ត្រាំ បានដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនៅឆ្នាំ២០១៨ ។

លោកបានលើកឡើងថា “មិនមានការបញ្ជាក់ជាផ្លូវការនោះទេ ហើយមានការចោទ ប្រកាន់ជាច្រើនដែលយើងបានដឹង ប៉ុន្តែវាត្រូវតែបញ្ជាក់ឱ្យច្បាស់ ពីអ្វីដែលបានកើតឡើង ហើយនរណានៅពីក្រោយ”។

លោកបានបន្ដថា រាល់ការប៉ុនប៉ងដើម្បីរារាំង ការចរចាការទូត ដែលកំពុងធ្វើនៅទីក្រុងវីយែន ដើម្បីជួយសង្គ្រោះផែនការសកម្មភាពរួម (JCPOA) ត្រូវតែត្រូវបានបដិសេធទាំងស្រុង ។

លោកបានសង្កត់ធ្ងន់ថា “យើងបដិសេធរាល់ការប៉ុនប៉ង ធ្វើឱ្យអន្តរាយដល់កិច្ចប្រឹងប្រែង ការទូតលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ។ បញ្ហាទាំងអស់ដែលទាក់ទង នឹងកម្មវិធីនុយក្លេអ៊ែរ ត្រូវតែត្រូវ បានដោះស្រាយដោយមធ្យោបាយការទូត ពីព្រោះមិនមានជម្រើសផ្សេងទៀត ប្រកបដោយនិរន្តរភាព នោះទេ”៕
ដោយ ឈូក បូរ៉ា

To Top