ព័ត៌មានអន្តរជាតិ

ក្នុងរយៈពេល២៤ម៉ោង ពលរដ្ឋជាង៥០នាក់ បាត់បង់ជីវិត ក្នុងអំឡុងពេលប្រយុទ្ធគ្នា នៅអាហ្វហ្គានីស្ថាន

កាប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី១៧ខែមេសា ឆ្នាំ២០២១ថា ក្រុមមន្ត្រីបាននិយាយ កាលពីថ្ងៃសៅរ៍ថា ពលរដ្ឋជាង៥០នាក់ ដែលមានស្ថិតក្នុងចំណោម ក្រុមបះបោរប្រដាប់អាវុធ ត្រូវបានសម្លាប់ ក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីសេចក្តីសម្រេច របស់ក្រុងវ៉ាស៊ីនតោន នឹងដកចេញកងកម្លាំង របស់ខ្លួនពីអាហ្វហ្គានីស្ថាន ។

នៅក្នុងឧប្បត្តិហេតុ នៃអំពើហិង្សា ចុងក្រោយបង្អស់ ក្រុមសកម្មប្រយុទ្ធតាលីបង់ បានបើកការវាយប្រហារមួយ មកលើច្រកត្រួតពិនិត្យ នៅជាយក្រុង Taluqan ជារដ្ឋធានីនៃខេត្ត Takhar ស្ថិតនៅភាគខាងជើង ប្រទេស កាលពីព្រឹកថ្ងៃសៅរ៍ ក្នុងនោះក្រុមយោធាគាំទ្រ ដោយរដ្ឋាភិបាល ចំនួន០៤នាក់ បាត់បង់ជីវិត និង០៥នាក់ផ្សេងទៀត បានរងរបួស លោក អ្នកនាំពាក្យស្នងការនគរបាលខេត្ត Abdul Khalil Asir បានបញ្ជាក់ដូច្នេះ ។

មេបញ្ជាការយោធាគាំទ្រ រដ្ឋាភិបាល លោក Mohammad Ismael បានថ្លែងប្រាប់ដល់ស៊ីនហួថា កងកម្លាំងសន្តិសុខ បានវាយប្រហារក្រុមតាលីបង់មួយក្រុម នៅក្នុងស្រុក Imam Sahib ជាប់គ្នានឹងខេត្ត Kunduz ប៉ុន្មានម៉ោងក្រោយមក បណ្តាលឲ្យស្លាប់ក្រុមបះបោរចំនួន០២នាក់ និង០៤នាក់ផ្សេងទៀតបានត្រូវបានចាប់ខ្លួន ។

លោក ចូ បៃឌិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃពុធថា នឹងចាប់ផ្តើមដកកងកម្លាំង សហរដ្ឋអាមេរិក ចេញពីអាហ្វហ្គានីស្ថាន នៅថ្ងៃទី០១ ខែឧសភា នឹងដំណើរការបញ្ចប់ទាំងស្រុងនៅថ្ងៃទី១១ ខែកញ្ញា ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top