ព័ត៌មានអន្តរជាតិ

ចិន ត្រៀមខ្លួន​ ផ្ដល់ការគាំទ្រ និងជំនួយ ដើម្បីជួយឥណ្ឌា ប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងខ្លាំង

ប៉េកាំង៖ សមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេសចិន បានឲ្យដឹងនៅថ្ងៃសុក្រ ម្សិលមិញនេះថា ប្រទេសចិន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់ការគាំទ្រ និងជំនួយពីសមត្ថភាពរបស់ខ្លួន ក្នុងការជួយប្រទេសឥណ្ឌា ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩។

នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយរដ្ឋមន្ត្រីកិច្ចការខាងក្រៅឥណ្ឌា លោក Subrahmanyam Jaishankar លោកវ៉ាង យី បានលើកឡើងថាប្រទេសចិន មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរលកថ្មីនៃការឆ្លងកូវីដ – ១៩ នៅក្នុងប្រទេសឥណ្ឌា ហើយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក៏បានផ្ញើសារអាណិតអាសូរ ដល់នាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី ផងដែរ។

លោកបានលើកឡើងថា ប្រទេសចិន ក្នុងនាមជាអ្នកជិតខាង និងជាដៃគូជិតស្និទ្ធ បានយល់ច្បាស់ ពីបញ្ហាប្រឈម ដែលប្រទេសឥណ្ឌា កំពុងជួបប្រទះ។

លោកបានបន្ដថា ប្រទេសចិន សង្ឃឹមថានិងជឿជាក់ថា រដ្ឋាភិបាល និងប្រជាជនឥណ្ឌា នឹងទទួលបានជ័យជំនះ ប្រឆាំងនឹងវីរុសដ៏កាចសាហាវនេះ។

ដើម្បីគាំទ្រថែមទៀត ដល់ការប្រយុទ្ធប្រឆាំង នឹងរោគរាតត្បាត របស់ប្រទេសចិន លោក វ៉ាង យី បានអះអាងថា ប្រទេសចិន មានឆន្ទៈក្នុងការចាត់វិធានការ ដូចខាងក្រោម ដើម្បីឆ្លើយតបទៅនឹង តម្រូវការរបស់ប្រទេសឥណ្ឌា៖

ទីមួយប្រទេសចិន នឹងបន្តលើកទឹកចិត្ត និងគាំទ្រសហគ្រាសចិន ក្នុងការពន្លឿនផលិតកម្ម និងផ្គត់ផ្គង់ប្រទេសឥណ្ឌា នូវការផ្គត់ផ្គង់ខាងវេជ្ជសាស្ត្រ។

ទីពីរភាគីចិន នឹងជួយសម្រួល ដល់ការបំបាត់ពន្ធគយ និងការដឹកជញ្ជូនសម្ភារៈ ប្រឆាំងនឹងមេរោគ ដែលបានទិញដោយភាគីឥណ្ឌា។

ទីបីអ្នកជំនាញផ្នែកសុខភាព និងជំងឺឆ្លង នៃប្រទេសទាំងពីរ នឹងត្រូវបានរៀបចំឡើង ដើម្បីចែករំលែកបទពិសោធន៍ និងវិធានការប្រកបដោយ ប្រសិទ្ធភាពក្នុងការជៀសផុត ពីការរីករាលដាល តាមរយៈតំណភ្ជាប់វីដេអូ៕ ដោយ៖ ឈូក បូរ៉ា

To Top