ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា បង្កើនប្រាក់ខែ គុណនឹងបី តែនៅតែមិនទាន់គ្រប់គ្រាន់ ដើម្បីទិញម្ហូបអាហារឡើយ

បរទេស៖ យោងតាមការចេញផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡា គិតត្រឹមថ្ងៃទិ១ ខែឧសភា ម្សិលមិញនេះបានបង្កើនប្រាក់ខែ របស់ពលរដ្ឋខ្លួន ស្ទើរតែគុណនឹង៣ដង ប៉ុន្តែដោយសារបញ្ហាអតិផរណា នៅពេលនេះទំហំលុយនេះ គឺមិនអាចសូម្បីតែទិញសាច់បាន១គីឡូនោះទេ។

រដ្ឋមន្ត្រីក្រសួងកិច្ចការងារលោក Eduardo Pinate បានប្រកាសនេះ នៅចំថ្ងៃ May Day ទៅកាន់អ្នកគាំទ្ររដ្ឋាភិបាល នៅក្នុងទីក្រុងការ៉ាកាស។ ទំហំនៃប្រាក់ខែថ្មី ដែលមានចំនួនប្រមាណជា ៧លាន bolivares ឬប្រហែលនឹង២,៥ដុល្លារ ខណៈដែលសាច់១គីឡូ នៅក្នុងប្រទេសនេះ មានតម្លៃរហូតទៅដល់៣,៧៥ដុល្លារ។

ផ្ទាំងពាណិជ្ជកម្ម

វេណេស៊ុយអេឡា នៅគ្រាមួយដែលត្រូវបានគេស្គាល់ថា ជាប្រទេសផលិតប្រេងកាត និងមានទ្រព្យសម្បិត្តិច្រើនបំផុតមួយ ប៉ុន្តែមកដល់ពេលនេះ វាគឺជាឆ្នាំទៅ៤ហើយ នៃបញ្ហាអតិផរណា និងក៏ជាឆ្នាំទី៨ហើយ នៃបញ្ហាវិបត្តិសេដ្ឋកិច្ច ដែលនៅតែបន្តកើតឡើង ចំពោះប្រទេសនៅឡើយ។

វេណេស៊ុយអេឡា បានក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចអន់បំផុត នៃយុគសម័យសេដ្ឋកិច្ចទំនើបនេះ ជាពិសេសចាប់តាំងតែ ពីពេលដែលប្រធានាធិបតី លោក Nicolas Maduro បានជាប់ឈ្មោះស្ថិតនៅក្នុងបញ្ជីខ្មៅ របស់អាមេរិកតាមរយៈទណ្ឌកម្មឥតឈប់ឈរ ពីសំណាក់សហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ស៊ុនលី

To Top