ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន​ នឹងបញ្ជាទិញវ៉ាក់សាំង Pfizer បន្ថែម១០លានដូសទៀត

បរទេស៖ ប្រទេសអ៊ុយក្រែន បានចុះហត្ថលេខា ទិញបានវ៉ាក់សាំងអាមេរិក អាល្លឺម៉ង់ Pfizer បន្ថែមប្រមាណជា១០លានដូសទៀតហើយ សម្រាប់កម្មវិធីចែកចាយ វ់ាក់សាំងជូនពលរដ្ឋរបស់ខ្លួន ដែលវាបានធ្វើឲ្យ ចំនួនវ៉ាក់សាំងសរុប មានទៅដល់២០លានដូស នេះបើយោងតាមការបញ្ជាក់ របស់លោកប្រធានាធិបតី អ៊ុយក្រែន​ Volodymyr Zelenskiy កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ។

លោករដ្ឋមន្ត្រី ក្រសួងសុខាភិបាល អ៊ុយក្រែន Maksym Stepanov ដែលបាននាំពាក្យសម្តី របស់លោកប្រធានាធិបតី បានបញ្ជាក់ថា៖ ពួកយើងបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយរួចរាល់ហើយ ដើម្បីអាចទទួលបាន វ៉ាក់សាំង Pfizer សរុបចំនួន២០លានដូស សម្រាប់ឆ្នាំ២០២១នេះ។

គួរឲ្យដឹងដែរថាអ៊ុយក្រែន នឹងអាចទទួលបានវ៉ាក់សាំង កញ្ចប់ដំបូងប្រមាណជា៥០ម៉ឺនដូស នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយបន្ថែមតាមក្រោយ ប្រមាណជា៤,៥លានដូសទៀត នៅក្នុងត្រីមាសទី៣ និងសេសសល់ ទាំង១៥លានដូសទៀត នឹងធ្វើឡើងនៅចុងឆ្នាំ។

គួរឲ្យដឹងដែរថាអ៊ុយក្រែន ក៏នឹងមានផែនការដើម្បីបន្ថែម ចំនួនវ៉ាក់សាំងរបស់ខ្លួន ពីវ៉ាក់សាំង AstraZeneca ផងវ៉ាក់សាំងរបស់ចិនផង ព្រមទាំងវ៉ាក់សាំង ចេញពីប្រភពនៃកម្មវិធី COVAX របស់ WHO ផង៕ ប្រែសម្រួល៖ស៊ុនលី

To Top