ព័ត៌មានអន្តរជាតិ

អូស្រ្ដាលី អាចនឹងបន្ដបិទព្រំដែន ដោយសារជំងឺកូវីដ-១៩ រហូតដល់បំណាច់ ឆ្នាំ២០២២

ស៊ីដនី៖ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងទេសចរណ៍របស់ប្រទេសនេះបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ប្រទេសអូស្រ្តាលី ទំនងជានឹងបិទទ្វារភ្ញៀវទេសចរ រហូតដល់ចុងឆ្នាំ២០២២ នៅពេលដែលការកើនឡើង នូវករណីឆ្លងនៅទូទាំងពិភពលោក បានបំផ្លាញក្តីសង្ឃឹមនៃការបើកឡើងវិញ យ៉ាងឆាប់រហ័ស។

លោករដ្ឋមន្រ្តី Dan Tehan បានលើកឡើងថារលកនៃករណីនានានៅលើឧបទ្វីបឥណ្ឌា បានបង្ហាញថា ការហាមឃាត់តាមព្រំដែនរបស់ប្រទេសអូស្ត្រាលី ចំពោះការមកដល់នូវជនបរទេស គឺនៅតែចាំបាច់ ដើម្បីការពារប្រទេសដែលមិនមានមេរោគនេះបន្ដទៀត។

ចាប់តាំងពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ ប្រជាជនអូស្រ្តាលី ត្រូវបានហាមឃាត់មិនឱ្យធ្វើដំណើរទៅបរទេស ហើយការលើកលែងជាលក្ខណៈបុគ្គល គឺចាំបាច់សម្រាប់ភ្ញៀវទេសចរបរទេសចូលមកប្រទេសនេះ។

លោក Tehan បានប្រាប់ទូរទស្សន៍ Sky News ថា “វាពិបាកកំណត់ណាស់” នៅពេលដែលព្រំដែនអាចបើកឡើងវិញបាន “ការទស្សន៍ទាយល្អបំផុតនឹងស្ថិតនៅពាក់កណ្តាលឆ្នាំក្រោយ” ។

គួរបញ្ជាក់ថា មុនពេលមានជំងឺរាតត្បាតអ្នកទេសចររយៈពេលខ្លីប្រមាណ ១ លាននាក់ បានចូលទៅទស្សនាប្រទេសនេះជារៀងរាល់ខែ ប៉ុន្ដែតួលេខនេះឥឡូវមានប្រមាណ ៧០០០នាក់តែប៉ុណ្ណោះ ៕ ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top