ព័ត៌មានអន្តរជាតិ

ប្រធានសិទ្ធិមនុស្សយូអិន ៖ ការវាយប្រហារ របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សា អាចជាឧក្រិដ្ឋកម្ម សង្គ្រាម

បរទេស ៖ ប្រធានសិទ្ធិមនុស្សយូអិន បាននិយាយ នៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងអ៊ីស្រាអែល អាចបានធ្វើឧក្រិដ្ឋកម្ម សង្គ្រាម នៅក្នុងសង្គ្រាម រយៈពេល១១ថ្ងៃ ជាមួយពួកសកម្មប្រយុទ្ធ ហាម៉ាស់ ដែលគ្រប់គ្រងតំបន់ ហ្គាហ្សាស្ទ្រីប ហើយ លោក Michelle Bachelet ក៏បានអំពាវនាវឲ្យអ៊ីស្រាអែល អនុញ្ញាតឲ្យមានការស៊ើបអង្កេត ឯករាជ្យ ចំពោះទង្វើរបស់យោធា ក្នុងសង្គ្រាមថ្មីៗនេះ ។

ការថ្លែងបែបនេះ គឺត្រូវបានធ្វើឡើង ស្របពេល ដែលអង្គភាពសិទ្ធិមនុស្សជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ បើកិច្ចប្រជុំពិសេស មួយថ្ងៃ ដើម្បីពិភាក្សាគ្នាពីស្ថានភាព សិទ្ធិមនុស្សធ្ងន់ធ្ងរ នៅតំបន់ហ្គាហ្សា តំបន់ West Bank និងទីក្រុងយេរូសាឡឹមខាងកើត ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NBC News នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Michelle Bachelet បានមានប្រសាសន៍ថា ការបាញ់គ្រាប់រ៉ុកកែតរបស់ពួកហាម៉ាស់ នៅក្នុងអំឡុងជម្លោះនោះ ក៏ជាការបំពានយ៉ាងច្បាស់ ចំពោះច្បាប់សង្គ្រាមផងដែរ ។

ឧត្តមស្នងការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ បានផ្តល់សេចក្តីលម្អិត ជូនដល់ក្រុមប្រឹក្សាសិទ្ធិមនុស្ស អំពីការកើនឡើងយ៉ាងខ្លាំងក្លា នៃទង្វើអរិភាព ចាប់តាំងពីឆ្នាំ២០១៤មក បង្កភាពហិនហោចនិងការស្លាប់ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប នៅមុនពេលមានបទឈប់បាញ់គ្នា កាលពីសប្ដាហ៍មុន ៕
ប្រែសម្រួល៖ប៉ាង កុង

To Top