ព័ត៌មានអន្តរជាតិ

និស្សិតអាមេរិក រៀននៅរុស្ស៊ី ប្រទះឃើញស្លាប់ ក្រោយបាត់ខ្លួនជាច្រើនថ្ងៃ

បរទេស៖ មន្ត្រីប៉ូលិសរុស្ស៊ី បាននិយាយនៅថ្ងៃសៅរ៍សប្ដាហ៍នេះថា និស្សិតស្រីជនជាតិអាមេរិកមួយ ដែលកំពុងសិក្សានៅក្នុងប្រទេសរុស្ស៊ី ត្រូវបានគេប្រទះឃើញស្លាប់ ក្រោយបាត់ខ្លួនរយៈពេល៤ថ្ងៃ នេះបើតាមការចេញផ្សាយមួយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១។ 

គណៈកម្មការស៊ើបអង្កេត របស់ប្រទេសរុស្ស៊ី បាននិយាយប្រាប់ថា សាកសពនិស្សិតស្រី ឈ្មោះ Catherine Serou មានវ័យ៣៤ឆ្នាំរូបនេះ ត្រូវបានគេរកឃើញ បន្ទាប់ពីការតាមស្វែងរក ទ្រង់ទ្រាយធំរបស់ប៉ូលីស។ 

ប៉ូលីសបាននិយាយថា បុរសស្ថិតក្នុងវ័យ៤០ឆ្នំា ដែលពីមុនធ្លាប់ជាប់ទោស ពីបទឧក្រិដ្ឋធ្ងន់ៗជាច្រើន ត្រូវបានចាប់ខ្លួន ពីបទសង្ស័យចាប់ពង្រត់ និងសម្លាប់និស្សិត Serou និងកំពុងតែសហការ ជាមួយការស៊ើបអង្កេត។

លោកស្រី Beccy Serou ជាម្តាយជនរងគ្រោះ បាននិយាយប្រាប់ថា កូនស្រីរបស់គាត់ បានចេញពីកាលីហ្វូញ៉ាទៅប្រទេសរុស្ស៊ីនិងបានចូលសិក្សាអនុបណ្ឌិតច្បាប់ នៅសាកលវិទ្យាល័យ Nizhny Novgorod’s Lobachevsky ក្នុងទីក្រុងមូស្គូ ក្នុងរដូវស្លឹកឈើជ្រុះ កាលពីឆ្នាំ២០១៩។ 

គួរបញ្ជាក់ថា និស្សិតជនជាតិអាមេរិករូបនេះ ធ្លាប់ចូលរួមកងកម្លាំងម៉ារីន និងបានធ្វើដំណើរកំសាន្តម្តង ទៅអាហ្វហ្គានីស្ថាន មុនពេលទទួលបញ្ចប់ បិរញ្ញាប័ត្រផ្នែកឌីសាញ និងសញ្ញាប័ត្រអនុបណ្ឌិតនផ្នែកប្រវត្តិសិល្បៈ នៅសាកលវិទ្យាល័យ  University of California៕ ប្រែសម្រួល៖ប៉ាង កុង 

To Top