ព័ត៌មានអន្តរជាតិ

ត្រឹម ២៤ម៉ោងអង់គ្លេស មានអ្នកឆ្លងជំងឺកូវីដ-១៩ ជាង ១ម៉ឺនករណី ជាតួលេខឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ចាប់តាំងពីខែកុម្ភៈ

ឡុងដ៌ ៖ យោងតាមតួលេខផ្លូវការ បានឲ្យដឹងថា ចក្រភពអង់គ្លេស បានរាយការណ៍ថា មានករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១១៦,៦២៥ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីពាក់កណ្តាលខែកុម្ភៈ ហើយចំនួនករណីឆ្លង សរុបនៅក្នុងប្រទេសនេះ កើនឡើងដល់ ៤។៦៥១,៩៨៨ករណី ។

ប្រទេសនេះក៏បានកត់ត្រា ការស្លាប់ទាក់ទងនឹងជំងឺកូវីដ-១៩ ចំនួន ២៧នាក់ ផ្សេងទៀតដែលនាំឱ្យចំនួនអ្នកស្លាប់ទាក់ទងនឹងមេរោគនេះ មានចំនួនសរុប ១២៨,០០៨ នាក់។ តួលេខទាំងនេះ រាប់បញ្ចូល តែការស្លាប់របស់មនុស្ស ដែលបានស្លាប់ ក្នុងរយៈពេល ២៨ ថ្ងៃនៃការធ្វើតេស្តវិជ្ជមាន លើកដំបូងរបស់ពួកគេ ។

នៅព្រឹកថ្ងៃអង្គារម្សិលមិញនេះ រដ្ឋមន្រ្តីទីមួយនៃប្រទេសស្កុតឡែនលោក Nicola Sturgeon បានប្រកាសថា ការរឹតបន្តឹងបច្ចុប្បន្ននៃជំងឺកូវីដ -១៩ នៅក្នុងតំបន់នឹង នៅតែមានរហូតដល់ថ្ងៃទី១៩ ខែកក្កដា ស្របតាមផែនការបច្ចុប្បន្ន សម្រាប់ប្រទេសអង់គ្លេស ។

ផ្ទាំងពាណិជ្ជកម្ម

លោក Sturgeon សង្ឃឹមថា នឹងផ្លាស់ប្តូរប្រទេសស្កុតឡេន ទៅកម្រិតសូន្យនៃប្រព័ន្ធ ៥ជាន់របស់ខ្លួន នៅថ្ងៃទី ២៨ ខែមិថុនា ប៉ុន្តែផែនការនេះត្រូវបានពន្យារពេល បន្ទាប់ពីមានការកើនឡើង ៤០ ភាគរយក្នុងករណីឆ្លងជំងឺនេះ។

ជាមួយគ្នានេះដែររដ្ឋមន្រ្តីសុខាភិបាលអង់គ្លេស លោក Matt Hancock បានលើកឡើងថាប្រទេសអង់គ្លេស កំពុងស្ថិតនៅលើផ្លូវ ដើម្បីលុបចោលរាល់ការរឹតត្បិត ជំងឺកូវីដ-១៩ ដែលចាប់ផ្ដើមនៅថ្ងៃទី១៩ ខែកក្កដា។

អ្នកជំនាញកំពុងធ្វើការលើផែនការ ដើម្បីអនុញ្ញាត ឱ្យអ្នកដែលត្រូវបានចាក់វ៉ាក់សាំង ពេញលេញធ្វើដំណើរ ទៅប្រទេស ដែលមានបញ្ជីឈ្មោះ ដោយមិនចាំបាច់មានការធានារ៉ាប់ រងលើការវិលត្រឡប់ របស់ពួកគេនោះទេ ៕ដោយ ឈូក បូរ៉ា

To Top
×