បរទេស ៖ បុរសម្នាក់ជាមួយនឹងកាំភ្លើងខ្លីមួយដើម បានបាញ់សម្លាប់ អ្នកជំងឺកូវីដ១៩ជាបុរសម្នាក់ នៅវិទ្យាស្ថានជាតិ Princess Mother នៅផ្លូវ Phahon Yothin នៅស្រុក Thanyaburi កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ថា ខ្មាន់កាំភ្លើង បានបាញ់ ដើម្បីវាយបំបែកទ្វារកញ្ចក់ខាងមុខ របស់វិទ្យាស្ថាន ដែលមានមុខងារជាមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺ Covid-19 ប្រហែលម៉ោង ៣ និង ៣០ នាទី ហើយបានចូលទៅក្នុងអគារនោះ។
នៅពេលនោះ អ្នកជំងឺប្រុស ដែលមានអាយុប្រហែល ៥០ ឆ្នាំ បានចេញពីបង្គន់ ហើយក៏ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់តែម្តង ។ បន្ទាប់មកខ្មាន់កាំភ្លើង បានចូលទៅកាន់ បន្ទប់ធំសំរាប់អ្នកជំងឺគ្នាច្រើន ហើយបានបាញ់ជាច្រើនគ្រាប់ទៀតមុនពេលរត់គេចខ្លួន នៅលើរថយន្ដភីកអាប់ នៅផ្នែកខាងក្រៅ។ ការបាញ់ប្រហារជាបន្តបន្ទាប់នោះ គឺមិនបណ្តាលឱ្យត្រូវទៅលើនរណាម្នាក់ ឡើយ ។ ប៉ូលីសកំពុង តាមប្រមាញ់ពិរុទ្ធជន៕
ប្រែសម្រួលៈ ណៃ តុលា