Covid-19

មីយ៉ាន់ម៉ា ដាក់បទបញ្ជាឲ្យពលរដ្ឋនៅផ្ទះ ស្របពេលជំងឺ កូវីដ-១៩ ឆ្លងរាតត្បាតខ្លាំង

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ថា  ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរដ្ឋបានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្រសួងសុខាភិបាល និងកីឡារបស់ប្រទេសមីយ៉ាន់ម៉ា បានដាក់បទបញ្ជាឲ្យនៅតែក្នុងផ្ទះ នៅក្នុងក្រុងចំនួន២ នៅតំបន់ Bago និង៧ក្រុងក្នុងតំបន់ Mandalay ។

បទបញ្ជាឲ្យនៅតែក្នុងផ្ទះ នឹងចូលជាធរមាននៅថ្ងៃសុក្រនេះ នឹងត្រូវបានដាក់បញ្ចូលដល់ក្រុង Thayarwaddy និង Minhla នៃតំបន់ Bago និងក្រុង Chanmyathazi, Chanayethazan, Pyigyitagon, Mahaaungmyay, Aungmyaythazan, Patheingyi និង Amarapura នៃតំបន់ Mandalay ដោយសារតែជំងឺកូវីដ-១៩ បានឆ្លងរាលដាលខ្លាំងកាលពីពេលថ្មីៗនេះ ។

កាលពីមុន ក្រសួងបានស្នើឲ្យមានបទបញ្ជានៅតែក្នុងផ្ទះ នៅក្នុងក្រុងចំនួន២០ នៅទូទាំងប្រទេស ។

តួលេខរបស់ក្រសួងបានបង្ហាញ ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់ ១៥៩.៣៤៧នាក់ បន្ទាប់ពីមានអ្នកឆ្លងជំងឺថ្មីចំនួន ២.០៧០នាក់ ត្រូវបានគេរាយការណ៍នៅក្នុងរយៈពេល ២៤ម៉ោង កន្លងទៅនេះ ។

ក្រសួងបានឲ្យដឹងថា លើសពីនេះ ចំនួនអ្នកស្លាប់បន្ថែមទៀតមាន១៣នាក់ត្រូវបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣.៣៤៧នាក់  ៕


បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top