ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ថ្កោលទោសអាមេរិកម្ដង​ហើយម្ដងទៀត ចំពោះការញុះញង់បង្ក​ ឲ្យមានបាតុកម្មប្រឆាំង រដ្ឋាភិបាលគុយបា

សេអ៊ូល ៖ ប្រទេសកូរ៉េខាងជើង បានថ្កោលទោស សហរដ្ឋអាមេរិក ជាថ្មីម្តងទៀត ចំពោះការជ្រៀតជ្រែកចូលកិច្ចការផ្ទៃ ក្នុងនៅគុយបាដោយញុះញង់ ឱ្យមានបាតុកម្មប្រឆាំង រដ្ឋាភិបាល និងភាពចលាចលនៅក្នុងប្រទេសការីបៀន។

ក្រសួងបានឲ្យដឹង នៅក្នុងការបង្ហោះ នៅលើគេហទំព័រ របស់ខ្លួនថា“ ចេតនារបស់សហរដ្ឋអាមេរិក ត្រូវបានបង្ហាញយ៉ាងច្បាស់ថា ខ្លួនព្យាយាមបង្កភាពចលាចលផ្ទៃក្នុង ដោយឥទ្ធិពលលើធាតុផ្សំប្រឆាំងរដ្ឋាភិបាល និងជំរុញអារម្មណ៍ប្រឆាំងគុយបា នៅទូទាំងពិភពលោក” ។

សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា“ សហរដ្ឋអាមេរិក បានចូលរួមក្នុង ការរៀបចំការ ធ្វើបាតុកម្មប្រឆាំង រដ្ឋាភិបាល នៅពីក្រោយឆាក និងបង្កឱ្យមានការរំជើបរំជួល ដោយការដាក់ចេញនូវគម្រោង ដាក់ទណ្ឌកម្មថ្មី ប្រឆាំងប្រទេសនេះ” ។

នេះជាលើកទី ៤ ហើយចាប់តាំងពីថ្ងៃទី១៦ ខែកក្កដា ដែលកូរ៉េខាងជើង បានស្តីបន្ទោសសហរដ្ឋអាមេរិក ចំពោះការបង្កអស្ថិរភាពនៅគុយបា រួមទាំងរដ្ឋធានីហាវ៉ាន របស់ខ្លួនផងនោះ។

ប្រទេសកូរ៉េខាងជើង បានព្យាយាមរក្សាទំនាក់ទំនង ជិតស្និទ្ធជាមួយប្រទេសជាមិត្តប្រពៃណី របស់ខ្លួនរួមទាំងគុយបាផងដែរ ចំពេលមានភាពជាប់គាំង ក្នុងការចរចានុយក្លេអ៊ែរ ជាមួយទីក្រុងវ៉ាស៊ីនតោន ។

កាលពីខែមេសា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារអបអរសាទរជាច្រើន ទៅកាន់ប្រធានាធិបតីគុយបាលោក Miguel Diaz-Canel ដោយបង្ហាញក្តីសង្ឃឹមថាទំនាក់ទំនង រវាងប្រទេសទាំងពីរនឹង កាន់តែរឹងមាំឡើង ៕

ដោយ ឈូក បូរ៉ា

To Top